(បាតាយ៉ា)៖ ឧទ្យានកម្សាន្តដ៏ធំមួយ នៅក្នុងទីក្រុង Pattaya ប្រទេសថៃ ឈ្មោះ Legend Siam នឹងបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣ ខែមីនាខាងមុខ ដោយមិនមានភ្ញៀវចូលទស្សនា បន្ទាប់ពីមានការផ្ទុះឡើង នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៨ ខែកុម្ភៈនេះ។
ការបិទនេះនឹងធ្វើឲ្យបុគ្គលិកប្រមាណ២០០នាក់ គ្មានការងារធ្វើ។ ផ្នែកគ្រប់គ្រង បានសន្យាថា នឹងជួលពួកគេត្រឡប់មកកាន់តំណែង និងទទួលបានប្រាក់ខែដូចដើមវិញ នៅពេលដែលឧទ្យាន្ត បើកដំណើការឡើងវិញ។
ទីប្រឹក្សាប្រធានមន្ត្រីប្រតិបត្តិ លោក Thach Rittimat បានឲ្យដឹងនៅថ្ងៃសុក្រនេះថា «យើងបានពិចារណាអំពីការបិទនេះអស់មួយរយៈពេលហើយ ចាប់តាំងពីវីរ៉ុស COVID-19 បានផ្ទុះឡើង ហើយបាននឹងកំពុងប៉ះពាល់ដល់អាជីវកម្ម»។ លោកបន្ថែមថា ការសម្រេចចិត្តបិទនេះ បន្ទាប់ពីយើងបានសន្និដ្ឋានពីស្ថានភាពថា មិនអាចប្រសើរឡើងវិញ ឆាប់ៗនោះទេ។
ឧទ្យានកម្សាន្ត Legend Siam បានបើកដំណើរការក្នុងឆ្នាំ២០១៨។ ភ្ញៀវទេសចរមកពីប្រទេសចិន គឺជាអតិថិជនចម្បង បន្ទាប់មកជនជាតិថៃ និងមកពីតំបន់អឺរ៉ុប។ ជាធម្មតាឧទ្យាននេះទាក់ទាញភ្ញៀវមកទស្សនាចម្លោះពី៣,០០០នាក់ ទៅ៥,០០០នាក់ ក្នុងមួយថ្ងៃ នឹងអាចឈានដល់២០,០០០នាក់ ក្នុងរដូវកាលមានភ្ញៀវទេសចរខ្ពស់។
ក្រុមហ៊ុនបានប្រកាសថា ចំនួនអតិថិជនបានធ្លាក់ចុះរហូតដល់៩៥ភាគរយ ចាប់ពីវីរ៉ុសបានរីករាលដាល។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់បញ្ជាក់ ពីពេលវេលាច្បាស់លាស់ចំពោះពេលវេលាបើកដំណើរការឡើងវិញនោះទេ៕