(តូក្យូ)៖ នាថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលជប៉ុនបានឲ្យដឹងថា បុរសជនជាតិអង់គ្លេសម្នាក់ ព្រមទាំងស្រ្តីម្នាក់ទៀត ទើបតែបាន បាត់បង់ជីវិត ដោយសារជំងឺ COVID-19 ខណៈអ្នកទាំងពីរគឺជាអ្នកដំណើរទី៥ និងទី៦ នៃកប៉ាល់ទេសចរណ៍ Diamond Princess ដែលត្រូវបានជំងឺនេះឆក់យកអាយុជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
បុរសខាងលើស្ថិតក្នុងចំណោមពលរដ្ឋអង់គ្លេសមួយចំនួនទៀត ដែលត្រូវទទួលការព្យាបាលនៅក្នុងប្រទេសជប៉ុន ក្រោយឆ្លងជំងឺ COVID-19 នៅលើកប៉ាល់ Diamond Princess ខណៈអ្នកដំណើរជនជាតិអង់គ្លេសរាប់សិបនាក់ផ្សេងទៀត ដែលត្រូវបានធ្វើតេស្ត ឃើញថាពុំមានឆ្លងជំងឺ ត្រូវបានជម្លៀសទៅកាន់ចក្រភពអង់គ្លេសវិញកាលពីសប្តាហ៍មុន។ គាត់ពុំត្រូវបានគេបញ្ជាក់ថា មានអាយុ ប៉ុន្មាននោះឡើយ ប៉ុន្តែស្រ្តីម្នាក់ទៀតដែលបានស្លាប់ដែរនោះ គឺមានវ័យខ្ទង់៧០ឆ្នាំ តែពុំមានការបញ្ជាក់ថា ជាជនជាតិជប៉ុនផ្ទាល់ ឬមួយក៏ជនបរទេសនោះទេ។
គួរជម្រាបថា មនុស្សជាង៧០០នាក់បានឆ្លងជំងឺ COVID-19 នៅលើកប៉ាល់ Diamond Princess ហើយក្នុងនោះ៦នាក់ហើយបាន ស្លាប់ ខណៈអ្នកជំងឺ៤នាក់មុន សុទ្ធតែជាជនជាតិជប៉ុនផ្ទាល់ ហើយមានវ័យចំណាស់។ ក្រៅពីកប៉ាល់នេះ ជប៉ុននៅមានករណីឆ្លង COVID-19 ជិត២០០ករណីផ្សេងទៀត ហើយក្នុងនោះមាន៥នាក់ស្លាប់ ដែលបើបូកចូលគ្នាអ្នកជំងឺ COVID-19 សរុបចំនួន១១នាក់ បានបាតបង់ជីវិត៕