(ដាម៉ាស់)៖ ទាហានតួកគីយ៉ាងហោចណាស់៣៣នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារតាមផ្លូវអាកាសមួយ ដោយកងកម្លាំងរបស់រដ្ឋាភិបាលស៊ីរី នៅភាគពាយព្យខេត្តអ៊ីដលីប (Idlib) នៃប្រទេសស៊ីរី ខណៈតួកគីបានប្តេជ្ញាថានឹងសងសឹកវិញឲ្យខានតែបាន ហើយជាទ្រង់ទ្រាយធំទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានផ្នែកទំនាក់ទំនងតួកគីលោក Fahrettin Altun បានឲ្យដឹងថា រដ្ឋាភិបាលតួកគី បានកោះប្រជុំបន្ទាន់មួយនៅវិមានប្រធានាធិបតី បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសចំលើទីតាំងដែលទាហានតួកគី ឈរជើងនៅក្នុងខេត្ត Idlib។ ជាមួយគ្នានោះ លោកក៏បានលើកឡើងដែរថា តួកគីប្តេជ្ញាថានឹងសងសឹកវិញ ហើយជាលក្ខណៈទ្រង់ទ្រាយធំទៀតផងលើស៊ីរី។ យ៉ាងណាមិញ រដ្ឋាភិបាលស៊ីរីមិនបានធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញការអះអាងរបស់ភាគីតួកគីនេះទេ។
គួរជម្រាបថា មានទាហានតួកគីជាច្រើន កំពុងមានវត្តមាននៅក្នុងខេត្ត Idlib ដែលជាតំបន់ចុងក្រោយដែលកាន់កាប់ដោយក្រុមឧទ្ទាមស៊ីរី។ តំបន់នេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងរវាងទីក្រុងអង់ការ៉ា និងទីក្រុងម៉ូស្គូ កាលពីឆ្នាំ២០១៨។ រដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយរុស្ស៊ី បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាមួយ ប្រឆាំងនឹងក្រុមឧទ្ទាមនៅទីនោះ ក្នុងកំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលជាហេតុបង្ខំឲ្យប្រជាជនស៊ីរីរាប់សែននាក់ជម្លៀសខ្លួនចេញ ហើយភាគច្រើនជាស្រ្តីនិងកុមារ៕