(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ទើបតែបានប្រកាសពីគម្រោងវិនិយោគធំមួយរបស់ខ្លួន ដែលមានចំនួនទឹកប្រាក់រហូតដល់ ២០០លានអឺរ៉ូ (២១៩.៨៨លានដុល្លារអាមេរិក) ក្នុងការសាងសង់រោងចក្រផលិតឧបករណ៍ទំនាក់ទំនងឥតខ្សែថ្មី (Wireless) នៅប្រទេសបារាំង ដែលមានឯកទេសផ្នែកប្រព័ន្ធ 4G និង 5G ហើយមានគោលដៅលើទីផ្សារនៅតំបន់អ៊ឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងាព័ត៌មាន ស៊ីហួរ នាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រុមហ៊ុន Huawei បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយយ៉ាងដូច្នេះថា «រោងចក្រដែលមានលក្ខណៈស្វ័យប្រវត្តិ និងប្រកបដោយភាពឆ្លាតវៃនេះ នឹងមានជំនាញខាងឧបករណ៍ 4G និង 5G ហើយនឹងធ្វើការផលិតជាចម្បងសម្រាប់ផ្គត់ផ្គង់ដល់អតិថិជនអឺរ៉ុបតែម្តង»។ បើតាម Huawei រោងចក្រនេះនឹងក្លាយជាការអនុវត្តដំបូងនៃបច្ចេកវិទ្យានៃការផលិតយ៉ាងទំនើបរបស់ខ្លួននៅលើទឹកដីអឺរ៉ុប។
ជាមួយគ្នានេះ Huawei បានបន្តទៀតថា បារាំងគឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលផលិតកម្មទំនើបបំផុតរបស់ពិភពលោក ហើយបារាំងមានហេដ្ឋារចនាសម្ពន្ធ័ឧស្សាហកម្មជឿនលឿន ជាមួយនឹងកម្លាំងពលកម្មដែលមានមានចំណេះដឹងខ្ពស់។ ម្យ៉ាងទៀតបារាំង ជាទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះសម្រាប់ Huawei ឈរជើង។ រោងចក្រនេះនឹងជួយបន្ថែមខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន Huawei នៅអឺរ៉ុប ដែលអាចនឹងធ្វើឲ្យចំណេញទាំងពេលវេលា ហើយលើកកម្ពស់ភាពជឿជាក់នៃការចែកចាយរបស់ក្រុមហ៊ុនដល់អតិថិជនអឺរ៉ុប។
គួរជម្រាបថា យោងតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន Huawei គម្រោងនេះនឹងជួយបង្កើតផលិតផលដែលមានតម្លៃសរុបរហូតដល់ ១ពាន់លានអឺរ៉ូ (១.១ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ព្រមទាំងនឹងបង្កើតឱកាសការងារដោយផ្ទាល់ចំនួន៥០០កន្លែងផងដែរ៕