(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុប ៣១៥នាក់បន្ថែមទៀត នៅថ្ងៃសុក្រនេះ ដែលជាហេតុនាំឲ្យ ចំនួននៃការឆ្លងសរុបកើនដល់ ២,៣៣៧ករណីនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
សម្រាប់ចំនួនមនុស្សបាត់បង់ជីវិតវិញគឺ ១៣នាក់ដដែល រីឯអ្នកឆ្លងភាគច្រើន ដែលទើបត្រូវបានប្រកាសនេះគឺនៅក្នុងទីក្រុង Daegu និង នៅខេត្តគ្យុងសាងខាងជើង។ តំបន់ទាំងពីរនេះស្ថិតនៅចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ហើយម្យ៉ាងវិញទៀត គ្រាន់តែនៅក្នុង ថ្ងៃសុក្រនេះ ករណីឆ្លងជំងឺ COVID-19 សរុបចំនួន៥១៧ ត្រូវបានគេរាយការណ៍។
គួរបញ្ជាក់តាមអាជ្ញាធរការពារ និងទប់ស្កាត់ជំងឺកូរ៉េខាងត្បូងហៅកាត់ថា KCDC ឲ្យដឹងទៀតថា ចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងគំហុកបែបនេះ ដោយសារតែអាជ្ញាធរបានដាក់ការពិនិត្យ សុខភាព ទៅលើមនុស្សជាង ២១០,០០០នាក់ ដែលមានជាប់ពាក់ព័ន្ធទៅហ្នឹងព្រះវិហារ សាសនាគ្រិស្តនៅក្នុងទីក្រុង Daegu ជាទីដែលគេរកឃើញថា ជាប្រភពដើមនៃការចម្លងដ៏សាហាវនៃមេរោគ COVID-19៕