(ស៊ីដនី)៖ ក្រុមអ្នកវិទ្យាសាស្រ្តនៅប្រទេសអូស្រ្តាលីបានប្រទះឃើញ បាតុភូតបន្ទុះធំបំផុតមិនធ្លាប់មាននៅក្នុងចក្រវាឡ គិតចាប់តាំងតែពីមហាព្រឹត្តិការណ៍ Big Bang (បន្ទុះប៊ីកប៊ែងជាអ្នកបង្កើតចក្រវាឡទាំងមូលកាលពី ១៣.៦ពាន់លានឆ្នាំមុន)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល International Centre for Radio Astronomy Research (ICRAR) ក្នុងរដ្ឋអូស្រ្តាលីភាគខាងលិចបានឲ្យដឹងថា បាតុភូតនោះបានកើតឡើង នៅក្បែរប្រហោងខ្មៅយក្ស (Supermassive Black Hole) នៅចំកណ្តាលកាឡាក់ស៊ីមួយ ដែលមានចម្ងាយរាប់រយលានឆ្នាំពន្លឺពីយើង។ យ៉ាងណាមិញ ពួកគេនៅតែមិនទាន់ដឹងច្បាស់ទេថា វាកើតឡើងដោយសារអ្វី ប៉ុន្តែបន្ទុះនោះបានបង្កើតប្រហោងដ៏ធំមួយក្នុងសំណុំឧស្ម័ន ដែលនៅព័ទ្ធជុំវិញប្រហោងខ្មៅយក្ស ពោលគឺអាចដាក់កាឡាក់ស៊ី Milky Way បានចំនួន ១៥ ចូលទៅក្នុងនោះ។

គួរជម្រាបថា របកគំហើញនេះត្រូវសម្រេចបាន តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូបចំនួន ០៤ រួមមាន Chandra របស់ទីភ្នាក់ងារអវកាសអាមេរិក NASA, XMM-Newton របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA, Murchison Widefield Array (MWA) នៅរដ្ឋអូស្រ្តាលីខាងលិច ព្រមទាំង Giant Metrewave Radio Telescope នៅប្រទេសឥណ្ឌា។ ការសិក្សាបន្តទៀតនោះ គឺកំពុងធ្វើឡើងដើម្បីស្វែងរកចម្លើយថា តើបន្ទុះដ៏ខ្លាំងក្លានោះកើតឡើងដោយសារអ្វី៕