(ម៉ាឌ្រីដ)៖ ប្រធានអង្គការនៃក្រុមប្រឹក្សាដំណើរកម្សាន្ត និងទេសចរណ៍ពិភពលោក (WTTC) បាននិយាយថា ការរីករាលដាលនៃជំងឺឆ្លង COVID-19 អាចនឹងធ្វើឱ្យវិស័យទេសចរណ៍ទូទាំងសកលលោក ខាតបង់ថវិកាជាង ២២ពាន់លានដុល្លារ ហើយការខូចខាតនេះ ក៏មានការចូលរួមចំណែកពីការធ្លាក់ចុះ នៃចំនួនអ្នកទេសចរចិនផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រធានអង្គការ WTTC លោកស្រី ក្លរៀ ហ្គេវ៉ារ៉ា (Gloria Guevara) បានធ្វើការកត់សម្គាល់ខាងលើ ប្រាប់សារព័ត៌មានអេស្ប៉ាញ អ៊ែលម៉ាន់ឌូ (El Mundo) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នាឱកាសនោះលោកស្រី Gloria បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាដូចជាលឿនពេកដើម្បីដឹងពីទំហំខាតបង់... ប៉ុន្តែ WTTC បានធ្វើការគណនាជាបឋម ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច អុកស៍ហ្វដ (Oxford Economics) ថាការរីករាលដាលនៃជំងឺ COVID-19 អាចនឹងធ្វើឱ្យវិស័យទេសចរណ៍សកលលោក ខាតបង់ថវិកាជាង ២២ពាន់លានដុល្លារ»។
គួរបញ្ជាក់តាមលោកស្រី Gloria ទៀតថា ការគណនានេះគឺផ្អែកលើបទពិសោធន៍ នៃវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងមុនៗដូចជាជំងឺ SARS ឬ H1N1 ព្រមទាំងផ្ដោតលើការធ្លាក់ចុះភ្ញៀវទេសចរចិន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីនេះ។ អ្វីដែលជាភាពជាក់ស្តែងនោះ គឺការផ្អាកជើងហោះហើរ និងការណែនាំរបស់រដ្ឋាភិបាល ប្រទេសនានាទូទាំងពិភពលោក ឲ្យប្រជាជនពួកគេមានការប្រុងប្រយ័ត្ន និងកុំធ្វើដំណើរទៅកាន់បណ្តាប្រទេសដែលមានការផ្ទុះជំងឺ COVID-19 ខ្លាំងក្លានោះ គឺសុទ្ធតែចំណាត់ការដែលបង្កផលប៉ះពាល់ធ្ងន់់ធ្ងរ ទៅដល់វិស័យទេសចរណ៍៕