(អ៉ីតាលី)៖ មនុស្ស ០៣នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺឆ្លង COVID-19 ដែលធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិតសរុបកើនដល់ ១៧នាក់នៅក្នុងប្រទេសអ៉ីតាលី។ នេះបើតាមប្រភពពីអាជ្ញាធរសុខាភិបាលអ៉ីតាលី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលអ៉ីតាលីបានឱ្យដឹងទៀតថា ជងរងគ្រោះទាំងបីនាក់ខាងលើមានអាយុខ្ទង់ ៨០ឆ្នាំ និងមកពីតំបន់ ឡុមបាឌី (Lombardy) ស្ថិតនៅភាគខាងជើងនៃប្រទេស ជាទីដែលជំងឺ COVID-19 កំពុងលុកលុយយ៉ាងខ្លាំង។ នៅថ្ងៃសុក្រដដែលនេះ ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅក្នុងប្រទេសអ៉ីតាលីត្រូវគេរាយការណ៍ថា បានកើនដល់ ៦៥០ករីណវិញហើយ ដោយភាគច្រើននៃអ្នកទាំងនេះ គឺជាអ្នករស់នៅក្នុងតំបន់ Lombardy និងតំបន់ វែណេតូ (Veneto)។
គួរបញ្ជាក់ថា តំបន់ Lombardy និង Veneto មាន ១១ក្រុងនៅក្នុងនោះ និងប្រជាជនសរុប ១០,០០០នាក់ ត្រូវបានរដ្ឋាភិបាលអ៉ីតាលីសម្រេចបិទទ្វារ តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ដើម្បីទប់ស្កាត់ការរីករាតត្បាតនៃមេរោគឆ្លង COVID-19 ខណៈអ៉ីតាលីនៅពេលនេះឈរលេខ ១ ប្រចាំទ្វីបអឺរ៉ុបជាប្រទេសផ្ទុះការឆ្លង និងស្លាប់ច្រើនជាងគេ៕