(អាមេរិក)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft Corp បានធ្លាក់ចុះជាង៤ភាគរយ នៅថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីក្រុមហ៊ុនបានព្រមាន ពីភាពថយចុះនៅក្នុងអាជីវកម្មកុំព្យូទ័រ ដោយសារតែការប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនពីការផ្ទុះឡើងនៃវីរុស Covid-19, នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Microsoft Corp នេះ គឺបានធ្វើឡើងស្រដៀងគ្នានឹងក្រុមហ៊ុន Apple Inc និង HP ផងដែរ។

ការធ្លាក់ចុះនៃតម្លៃភាគហ៊ុននេះ បានធ្វើឲ្យបាត់បង់ទឹកប្រាក់ជិត៥០ពាន់លានដុល្លារអាមេរិក ពីតម្លៃទីផ្សាររបស់ក្រុមហ៊ុន Microsoft ក្នុងមួយថ្ងៃ ខណៈទីផ្សារទូទៅ មានការធ្លាក់ចុះជាង២ភាគរយ។

របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន បានចេញមកហើយដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧៤៤នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់៧៨,៤៩៧ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០៕