(ម៉ិចស៊ីកូ)៖ កប៉ាល់ទេសចរណ៍មួយគ្រឿងដឹកមនុស្សជាង៦,០០០នាក់ ទើបទទួលបានការអនុញ្ញាតពីប្រទេសម៉ិចស៊ីកូដើម្បីចូលចត ក្រោយពីត្រូវប្រទេសនិងកោះចំនួនពីរនៅតំបន់សមុទ្រការីបៀនបដិសេធ ព្រោះតែការភ័យខ្លាចថា បុគ្គលិកម្នាក់នៅលើកប៉ាល់នោះ មានជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមក្រុមហ៊ុន MSC Cruises ដែលជាម្ចាស់កប៉ាល់ខាងលើ អាជ្ញាធរម៉ិចស៊ីបានអនុញ្ញាតឲ្យកប៉ាល់ឈ្មោះ MSC Meraviglia របស់ខ្លួនចូលចតនៅកោះ Cozumel។ កប៉ាល់ទេសចរណ៍ខាងលើ បានចាប់ផ្តើមការធ្វើដំណើរកម្សាន្តរបស់ខ្លួននៅតំបន់ភាគលិច សមុទ្រការីបៀន ដោយចេញពីទីក្រុង Miami នៃរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា មុនទទួលបានការអនុញ្ញាតពីប្រទេសម៉ិចស៊ីកូ កប៉ាល់ MSC Meraviglia ត្រូវបានប្រទេស Jamaica និងទីប្រជុំកោះ Cayman Islands ដែលជាដែនដីរបស់ចក្រភពអង់គ្លេស មិនអនុញ្ញាតឲ្យចូលចតឡើយ ព្រោះតែការភ័យខ្លាចថា បុគ្គលិកកប៉ាល់ ម្នាក់ ប្រហែលបានឆ្លងជំងឺ COVID-19 ប៉ុន្តែក្រោយមកបុគ្គលិកកប៉ាល់ម្នាក់នោះ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា គ្រាន់តែមានជំងឺ គ្រុនផ្តាសាយធម្មតាប៉ុណ្ណោះ៕