(គូឡាឡាំពួ)៖ លោក មហាធៀ មហាំម៉ាត់ ដែលបច្ចុប្បន្នជានាយករដ្ឋមន្រ្តីស្តីទីរបស់ប្រទេសម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា សភាម៉ាឡេស៊ីនឹងបើកអង្គប្រជុំពិសេសមួយនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ត្រូវនឹងថ្ងៃទី២ ខែមីនា ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងក្នុងសន្និសីទមួយនាថ្ងៃព្រហស្បតិ៍នេះ ក្រោយការប្រកាសដាក់ចេញនូវកញ្ចប់ថវិកាទំហំ៤.៧៤ពាន់លានដុល្លារ ដើម្បីជួយកាត់ បន្ថយផលប៉ះពាល់ពីជំងឺ COVID-19 លោក មហាធៀ បានបញ្ជាក់ថា ការបោះឆ្នោតមុនអាណត្តិអាចនឹងត្រូវរៀបចំឡើង ប្រសិនបើ សភាមិនអាចឈានដល់ការសម្រេចចិត្តមួយបានទេនោះ នៅកំឡុងការបើកអង្គប្រជុំពិសេស។
យោងតាមលោក មហាធៀ ព្រះមហាក្សត្រម៉ាឡេស៊ី មិនអាចកំណត់បេក្ខជនដែលមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាបានទេ ក្រោយចំណាយពេល២ថ្ងៃកន្លងមកនេះ ដើម្បីសាកសួរសមាជិកសភាទាំងអស់ ដូច្នេះទ្រង់យល់ថា កន្លែងដែលត្រឹមត្រូវដើម្បីកំណត់រក បេក្ខជននាយករដ្ឋមន្រ្តី គឺនៅក្នុងសភា។ លោក មហាធៀ ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី កោះហៅឲ្យចូលគាល់នាថ្ងៃព្រហស្បតិ៍ នេះ មុនការធ្វើសន្និសីទកាសែតខាងលើ។
គួរជម្រាបថា លោក មហាធៀ ដែលមានវ័យ៩៤ឆ្នាំ បានសម្រេចចិត្តលាលែង ចេញពីតំណែងជាប្រធានគណបក្ស Bersatu និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃចន្ទកន្លងទៅ។ ប៉ុន្តែ ទោះព្រះមហាក្សត្រម៉ាឡេស៊ីបានយល់ព្រមក៏ដោយ ទ្រង់បាន តែងតាំងជានាយករដ្ឋមន្ត្រីចាំផ្ទះ ហើយកាលពីថ្ងៃពុធ លោក មហាធៀ បានបង្កការភ្ញាក់ផ្អើលជាថ្មី ដោយប្រកាសថា លោកនឹងត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីពេញលេញវិញ បើសមាជិកសភាភាគច្រើនគាំទ្ររូបលោក។ មិនតែប៉ុណ្ណោះ បើតាមការអះអាងរបស់អគ្គលេខាធិការបក្ស Bersatu នៅថ្ងៃព្រហស្បតិ៍នេះ លោក មហាធៀ ក៏បានយល់ ព្រមវិលត្រឡប់មកធ្វើជាប្រធានបក្សវិញដែរ៕