(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 ៣នាក់ទៀត ទើបតែត្រូវបានរកឃើញនៅក្នុងប្រទេស សិង្ហបុរីនាថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះមានទាំងសិស្សម្នាក់អាយុ១២ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃដដែលនេះ អ្នកជំងឺ៤នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពី មន្ទីរពេទ្យ ក្រោយពួកគេត្រូវបានព្យាបាលឲ្យជាសះស្បើយទាំងស្រុងឡើងវិញ។ មកទល់ពេលនេះ ករណីឆ្លង COVID-19 នៅក្នុង ប្រទេសសិង្ហបុរីមានចំនួនសរុប៩៦ ប៉ុន្តែ៦៦ករណីបានជាសះស្បើយហើយ ខណៈ៣០ករណីទៀតកំពុងបន្តស្ថិតក្នុងមន្ទីរពេទ្យ។

គួរជម្រាបថា ជំងឺ COVID-19 ដែលបានផ្ទុះរាលឡើងដំបូងនៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្សសរុប ជាង២,៨០០នាក់ និងឆ្លងជាង៨២,០០០នាក់ នៅជុំវិញពិភពលោក តែភាគច្រើនគឺនៅក្នុងប្រទេសចិនផ្ទាល់តែម្តង។ យ៉ាងណាមិញ ខណៈស្ថានការណ៍នៅចិនហាក់កំពុងមានភាពធូរស្រាល ប្រទេសមួយចំនួនទៀត ជាពិសេសកូរ៉េខាងត្បូង អ៉ីតាលី និងអ៉ីរ៉ង់ កំពុងតែ រងការវាយលុកខ្លាំង៕