BREAKING NEWS: ទីបំផុតលោក មហាធៀ ព្រមវិលមកធ្វើជាប្រធានគណបក្ស Bersatu វិញក្រោយលាលែងបានបីថ្ងៃ, នេះបើតាមអគ្គលេខាធិការបក្ស (Video inside)
27-02-2020 15:47
(គូឡាឡាំពួ)៖ នៅក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការដាក់លិខិតសុំលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីថ្វាយព្រះមហាក្សត្រ និងការប្រកាសចុះចេញពីតំណែងប្រធានគណបក្ស ប៊ឺសាទូ (Bersatu) ទីបំផុតលោក មហាធៀ មហាំម៉ាត់ (Mahathir Mohamad) បានយល់ព្រមវិលមកធ្វើជាប្រធានបក្សនេះវិញហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
អគ្គលេខាធិការគណបក្ស Bersatu លោក ម៉ាហ្សូគី យ៉ាហ៍យ៉ា (Marzuki Yahya) គឺជាអ្នកអះអាងព័ត៌មានខាងលើ ប្រាប់ទីភ្នាក់ងារព័ត៌មានប៊ឺណាម៉ា (Bernama) នៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈសារដ៏ខ្លីនៅលើបណ្ដេញទំនាក់ទំនងសង្គម WhatsApp។ នៅពេលត្រូវបានសាកសួរថា តើវាជាការពិតឬ ដែលលោក មហាធៀ នឹងត្រឡប់មកកាន់តំណែងជាប្រធានគណបក្ស Bersatu វិញ? លោក Yahya បានឆ្លើយយ៉ាងខ្លីថា «ប្រាកដណាស់»។ ប៉ុន្តែលោក មហាធៀ ផ្ទាល់មិនទាន់ទទួលស្គាល់ព័ត៌មាននេះនៅឡើយទេ។
គួរជម្រាបថា លោក មហាធៀ វ័យ ៩៤ឆ្នាំ បានសម្រេចចិត្តលាលែងចេញពីតំណែងជាប្រធានគណបក្ស Bersatu និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃចន្ទកន្លងទៅ។ ប៉ុន្តែ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីចាំផ្ទះ ហើយកាលពីថ្ងៃពុធ លោកបានបង្កការភ្ញាក់ផ្អើលជាថ្មីដោយប្រកាសថា លោកនឹងត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ បើសមាជិកសភាភាគច្រើនគាំទ្ររូបលោក៕