(តូក្យូ)៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលជប៉ុនបានទទួលស្គាល់ថា វិធានការបង្ខាំងទុកមនុស្សរាប់ពាន់នាក់លើកប៉ាល់ទេសចរណ៍ខ្នាតធំ Diamond Princess នៅទីក្រុង Yokohama នាពេលកន្លងទៅ ប្រហែលជាបានអនុញ្ញាតឲ្យមានការឆ្លងរាលដាលជំងឺ COVID-19 កាន់តែខ្លាំង ក្នុងចំណោមអ្នកដំណើរនិងបុគ្គលិកលើកប៉ាល់នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
កប៉ាល់ទេសចរណ៍ខាងលើ ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរជប៉ុនដាក់ឲ្យនៅក្នុងលក្ខណៈដាច់ដោយឡែកសម្រាប់ រយៈពេល២សប្តាហ៍គឺចាប់ពីថ្ងៃទី០៥-១៩ ខែកុម្ភៈ ក្រោយរកឃើញមានការឆ្លងរាលដាលនៃជំងឺ COVID-19 នៅលើនោះ។ កំឡុងរយៈពេល ដាក់ឲ្យនៅដាច់ដោយឡែកនេះ មនុស្សយ៉ាងហោច៧០៥នាក់ បានឆ្លងជំងឺនៅលើនោះ ខណៈ៤នាក់បានបាត់បង់ជីវិត។
លោក Norio Ohmagari ដែលជានាយកមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ជប៉ុន និងជាសមាជិកមួយរូបនៃក្រុមប្រឹក្សារបស់រដ្ឋាភិបាល ទីក្រុងតូក្យូទទួលបន្ទុកបញ្ហាជំងឺ COVID-19 បានប្រាប់សារព័ត៌មាន CNN ថា វិធានការដោះស្រាយដែលរដ្ឋាភិបាលជប៉ុនបានដាក់ទៅលើ កប៉ាល់ Diamond Princess ប្រហែលជាមិនមានប្រសិទ្ធិភាពល្អឥតខ្ចោះឡើយ ជាពិសេសជុំវិញការអនុញ្ញាតឲ្យបុគ្គលិកកប៉ាល់ នៅបន្តផ្តល់ សេវាកម្ម និងធ្វើប្រតិបត្តិការផ្សេងៗកំឡុងរយៈពេល២សប្តាហ៍នោះ ដោយត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺ។
គួរជម្រាបថា ក្នុងចំណោមបុគ្គលិកចំនួន១០៤៥ បម្រើការលើកប៉ាល់ Diamond Princess មានយ៉ាងតិច១៥០នាក់ បានឆ្លងជំងឺ COVID-19។ កប៉ាល់ទេសចរណ៍នេះមានផ្ទុកមនុស្សសរុប៣,៧០០នាក់ នៅពេលវាមកដល់ទីក្រុង Yokohama របស់ជប៉ុន៕