(អឺរ៉ុប)៖ ប្រទេសដាណឺម៉ាក និងអេស្តូនី នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ពីការរកឃើញករណីដំបូងបង្អស់ នៃអ្នកកើតជំងឺ COVID-19 នៅលើទឹកដីរបស់ខ្លួន ស្របពេលបណ្ដា ប្រទេសនៅទាំងពិភពលោក កំពុងរឹតបន្តឹងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាម CNN អ្នកកាសែតម្នាក់មកពីស្ថានីយទូរទស្សន៍មួយនៅក្នុងប្រទេសដាណឺម៉ាក ត្រូវបានគេរាយការណ៍ថាជាអ្នកឆ្លង COVID-19 ដំបូងបំផុត ក្នុងប្រទេស។ ចំណែកឯ ប្រទេសអេស្តូនីវិញ ក៏បានប្រកាសពីការរកឃើញករណីអ្នកកើតជំងឺ COVID-19 ដំបូងរបស់ខ្លួនផងដែរ។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអេស្តូនី លោក Tanel Kiik បានប្រាប់ ទូរទស្សន៍ Eesti (ETV) ថា អ្នកឆ្លងមេរោគនេះ គឺជាពលរដ្ឋអ៊ីរ៉ង់ ដែលបានមកប្រទេសអេស្ដូនី កាលពីថ្ងៃពុធម្សិលមិញ ហើយបច្ចុប្បន្នអ្នកជំងឺនេះកំពុងត្រូវបានដាក់ឲ្យស្ថិតនៅ ដាច់ដោយឡែកពីគេឯង ដើម្បីព្យាបាល។
COVID-19 បានឆ្លងទៅដល់ប្រទេសចំនួន៧នៅអ៊ឺរ៉ុប ក្នុងរយៈពេលតែពីរថ្ងៃចុងក្រោយនេះតែប៉ុណ្ណោះ ដោយកាលពីថ្ងៃពុធ បណ្តាប្រទេសអ៊ឺរ៉ុប ដូចជាហ្សកហ្ស៊ី ក្រិក រ៉ូម៉ានី ន័រវែស និងម៉ាសេដូនខាងជើង សុទ្ធតែបានបញ្ជាក់ពីការតេស្តរកឃើញអ្នកជំងឺ COVID-19 ដំបូងនៅលើទឹកដីរបស់ពួកគេ ហើយករណីឆ្លងភាគច្រើន គឺមានជាប់ពាក់ព័ន្ធនឹងអ្នក មានប្រវត្តិធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសអ៉ីតាលី។ អ្នកឆ្លងនៅទូទាំងសកលលោកកើនដល់ច្រើនជាង ៨១,០០០នាក់៕