(តៃវ៉ាន់)៖ អាជ្ញាធរកោះតៃវ៉ាន់នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ បានបង្កើនកម្រិតឆ្លើយតបនឹងការរីករាលដាលនៃជំងឺ COVID-19 ដល់កម្រិតខ្ពស់បំផុត ខណៈដែលខ្លួនបានត្រៀមកញ្ចប់ថវិកាចំនួន ២ពាន់លានដុល្លារអាមេរិក ដើម្បីទប់ស្កាត់ផលប៉ះពាល់ ដែលអាចនឹងកើតមានឡើងពីវិបត្តមួយនេះ មកលើសេដ្ឋកិច្ចរបស់ខ្លួនដែលពឹងផ្អែកលើការនាំចេញផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
ការធ្វើបែបនេះអនុញ្ញាតឲ្យរដ្ឋាភិបាលតៃវ៉ាន់ ដោះស្រាយបញ្ហារីករាលដាលនៃជំងឺ COVID-19 ក្នុងលក្ខណៈឆាប់រហ័សជាងមុន ដោយនៅតាមក្រសួងនានានឹងមានធនធានសម្រាប់ប្រើប្រាស់កាន់តែច្រើនបន្ថែមថែមទៀត។ នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Su Tseng-chang បានបានប្រកាសពីការសម្រេចចិត្តដូចខាងលើ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាថ្ងៃព្រហស្បតិ៍នេះ ខណៈការឆ្លង COVID-19 លើកោះនេះមាន៣២ករណី និងស្លាប់ម្នាក់។
សេចក្តីសម្រេចខាងលើ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាតៃវ៉ាន់បានអនុម័តកញ្ចប់ថវិកាចំនួន៦០ពាន់លានដុល្លារតៃវ៉ាន់ (ប្រហែល២ពាន់លានដុល្លារអាមេរិក) ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺនេះ មកលើសេដ្ឋកិច្ច ដែលក្នុងកញ្ចប់ថវិកានោះ រួមមានការផ្តល់ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច ការឧបត្ថម្ភធនធានសម្រាប់ទីភ្នាក់ងារទេសចរណ៍ដែលរងការប៉ះពាល់ធ្ងន់ធ្ងរ និងសូម្បីតែការទូទាត់ចំណាយលើចំណីអាហារ ក្នុងផ្សាររាត្រីមួយដ៏ល្បីល្បាញរបស់តៃវ៉ាន់ផងដែរ។
គួរជម្រាបថា ដែនកោះមួយនេះ បានដាក់ចេញនូវបទបញ្ជាឲ្យផ្អាកមួយផ្នែកធំនៃការធ្វើដំណើរនិងការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយចិន ព្រមទាំងបានណែនាំដល់ប្រជាជនរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងផងដែរ ដើម្បីជាវិធានការទប់ស្កាត់ជំងឺនេះ។ ជាមួយគ្នាផងដែរ កោះតៃវ៉ាន់ បានអនុម័តច្បាប់មួយដើម្បីផាកពិន័យលើជនណា ដែលបានបំពានលើបទបញ្ជាស្តីអំពីការដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង ដោយជននោះនឹងត្រូវប្រឈមការផាកពិន័យជាទឹកប្រាក់ចំនួន២លានដុល្លាតៃវ៉ាន់ (៦៦,០០០ដុល្លារអាមេរិក) ឬជាប់ពន្ធនាគារពីរឆ្នាំ៕