(ប៉េកាំង)៖ យានរ៉ូបូតយូទូ ២ (Yutu-2) នៃបេសកកម្មឆាងអឺ ៤ (Chang'e-4) របស់ចិន នៅតែបន្តរកឃើញអ្វីប្លែកៗនៅផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ (Dark Side ឬ Far Side ដែលមិនបែររកផែនដី) ដោយនៅពេលនេះ គឺពាក់ព័ន្ធជាមួយស្រទាប់ដីផ្នែកខាងក្រោមនៅតំបន់នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមទិន្នន័យដែលទើបត្រូវបានចេញផ្សាយដំបូង នៃការប្រើប្រាស់ឧបករណ៍រ៉ាដា ទម្លុះចូលទៅក្រោមដីព្រះច័ន្ទដោយរ៉ូបូត Yutu-2 ក្រុមអ្នកវិទ្យាសាស្រ្តនៃបេសកកម្ម Chang'e-4 បានរកឃើញស្រទាប់ខុសគ្នាចំនួន ០៣ នៅក្រោមយានរ៉ូបូតនេះ ខណៈវាកំពុងតែស្ថិតនៅចំណុចមួយនៃរណ្តៅអាចម៍ផ្កាយ វ៉ុនខាមែន (Von Karman)។ បើតាមអ្នកវិទ្យាសាស្រ្តចិន ស្រទាប់ទាំងនោះគឺខុសពីប្លែកពីស្រទាប់ក្រោមដី នៅផ្ទៃរបស់ព្រះច័ន្ទ ដែលបែរមករកភពយើង ដែលបេសកកម្ម Chang'e ផ្សេងទៀតធ្លាប់បានចុះទៅសិក្សាកាលពីឆ្នាំ២០១៣។ របកគំហើញថ្មីនេះ គឺជាការភ្ញាក់ផ្អើលមួយ ដែលតម្រូវឲ្យអ្នកវិទ្យាសាស្ត្របន្តការវិភាគទៅមុខទៀត។
គួរជម្រាបថា បេសកកម្ម Chang'e-4 របស់ចិន បានចុះទៅដល់ផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដី កាលពីដើមឆ្នាំ២០១៩។ តាមការគ្រោងទុក យានចុះចតរបស់បេសកកម្ម ត្រូវបានរចនាឡើង ដើម្បីឲ្យធ្វើប្រតិបត្តិការបានត្រឹម ១២ខែប៉ុណ្ណោះ ហើយយានដែលអាចចល័តបាន Yutu-2 គឺត្រឹម ០៣ខែ ប៉ុន្តែពួកវាទាំងពីរបានដំណើរការលើកការរំពឹងទុករួចស្រេចទៅហើយ ហើយនៅតែមានលក្ខណៈល្អធម្មតា ខណៈថ្មីៗនេះពួកវាទើបតែបានភ្ញាក់ឡើង ដើម្បីចាប់ផ្តើមប្រតិបត្តិការថ្ងៃទី ១៥ នៅលើព្រះច័ន្ទ៕