Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីតាលីប្រកាសពីការកើនឡើងចំនួនអ្នកឆ្លង COVID-19 ដល់៤០០ករណី និងអ្នកជំងឺ១២នាក់ស្លាប់ (Video inside)

27-02-2020 08:41

(រ៉ូម)៖ ការផ្ទុះមេរោគឆ្លងកូរ៉ូណាថ្មី ឬ COVID-19 នៅភាគខាងជើងប្រទេសអ៉ីតាលី នៅតែស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភខ្លាំង ដោយចំនួនអ្នកឆ្លងបានកើនដល់ ៤០០ករណីហើយ ខណៈមនុស្សស្លាប់សរុបវិញបានកើនឡើងដល់ ១២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរអ៉ីតាលីបានបញ្ជាក់ឲ្យដឹងថា ការឆ្លង២៦ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅល្ងាចថ្ងៃពុធ នៅតំបន់ធំៗចំនួនពីរគឺឡុមបាឌី (Lombardy) និងវែនណេតូ (Veneto) ដែលស្ថិតនៅក្បែរខាងគ្នា។ តំបន់ទាំងពីរនេះ គឺស្ថិតនៅភាគខាងជើង ប្រទេសអ៉ីតាលី ដោយមានទីក្រុងហិរញ្ញវត្ថុ មីឡេន (Milan) ស្ថិតនៅក្នុងនោះផងដែរ។

គួរបញ្ជាក់ថា តំបន់ Lombardy មានអ្នកឆ្លងមេរោគ COVID-19 ដែលត្រូវបានរកឃើញសរុប ២៥៨ករណី ខណៈតំបន់ Veneto វិញមានសរុប ៧១ករណី, ក្រុង អេមីលៀ រ៉ូម៉ាញ៉ា ៤៧ករណី, ក្រុងលីហ្គឺរៀ ១១ករណី និងបណ្តាក្រុងតូចៗមួយចំនួនទៀតសរុបចូលគ្នា ចំនួន ១១ក្រុង សុទ្ធតែមានករណីឆ្លង COVID-19 ទាំងអស់។ បច្ចុប្បន្នតំបន់ធំៗទាំងពីរខាងលើនេះ ត្រូវបានរដ្ឋាភិបាលអ៉ីតាលីបិទទ្វារ ដើម្បីបង្ការកុំឲ្យមានការរីករាលដាលមេរោគ COVID-19 ទៅកាន់តំបន់ផ្សេងៗទៀត ខណៈប្រជាជននៅតំបន់ទាំងពីរនេះ មានសរុបជាង ១០,០០០នាក់៕