(ប្រេស៊ីឡា)៖ ក្រសួងសុខាភិបាលនៃប្រទេសប្រេស៊ីលបានប្រកាសថា ករណីឆ្លងដំបូងនៃមេរោគ COVID-19 ត្រូវបានរកឃើញហើយ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ខណៈបុរសម្នាក់អាយុ ៦១ឆ្នាំ ដែលទើបធ្វើដំណើរមកពីប្រទេសអ៉ីតាលី ត្រូវបានអាជ្ញាធរយកទៅធ្វើការត្រួតពិនិត្យសុខភាព និងរកឃើញលទ្ធផល «វិជ្ជមាន» នៅក្នុងមន្ទីរពេទ្យទីក្រុងសៅប៉ូឡូ។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
នេះជាករណីដំបូងបំផុត នៃការរកឃើញអ្នកផ្ទុក COVID-19 នៅក្នុងប្រទេសប្រេស៊ីល និងសម្រាប់តំបន់អាមេរិកខាងត្បូងទាំងមូល។ បើតាមអាជ្ញាធរប្រេស៊ីលបុរសវ័យ ៦១ឆ្នាំខាងលើនេះ បានធ្វើដំណើរទៅកាន់តំបន់ ឡុមបាឌី (Lombardy) នៃភាគខាងជើងប្រទេសអ៉ីតាលី ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ទើបត្រឡប់មកប្រេស៊ីលវិញ នៅមុនតំបន់របស់អ៉ីតាលីនោះត្រូវបិទទ្វារ ដោយសារតែការផ្ទុះមេរោគឆ្លង COVID-19 កាន់តែខ្លាំង។
គួរបញ្ជាក់តាមការលើកឡើង របស់រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល លោក ល្វីស ហិនរីក មែនដេតតា (Luiz Henrique Mandetta) ថា បុរសខាងលើនេះមានសុខភាពល្អជាធម្មតា ហើយរូបគាត់ត្រូវ គេដាក់ឲ្យសម្រាកនៅបន្ទប់ដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីស៊ើបប្រវត្តិធ្វើដំណើរ និងមនុស្សដែលគាត់បានប្រាស្រ័យទាក់ទង, តាមដានអការៈជំងឺ និងព្យាបាល៕