(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ បានអះអាងនៅមុននេះបន្តិចថា លោកនឹងធ្វើជានាយករដ្ឋមន្ត្រីដឹកនាំ រដ្ឋាភិបាលម៉ាឡេស៊ីឡើងវិញ ប្រសិនបើសមាជិកសភាភាគច្រើនគាំទ្ររូបលោក។

 

២៖ នារសៀលថ្ងៃពុធនេះ កូរ៉េខាងត្បូងបានរាយការណ៍ពីករណីថ្មីចំនួន១១៥នាក់ទៀត នៃអ្នកឆ្លងជំងឺ COVID-19 ដែលប្រការនេះ ធ្វើ ឲ្យចំនួនសរុបបន្តកើនឡើងដល់១,២៦១ករណី និង១២នាក់ស្លាប់។

 

៣៖ របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន បានចេញមកហើយ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧១៥នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,០៦៤ករណី។

 

៤៖ អាជ្ញាធរកូរ៉េខាងជើងកំពុងចាត់វិធានការ ដ៏តឹងរ៉ឹងបំផុតពុំធ្លាប់មានពីមុនមក ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគឆ្លង COVID-19 ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានបញ្ចេញព័ត៌មានឲ្យដឹងថា នៅកូរ៉េខាងជើងមានអ្នកជំងឺចំនួន ០៨នាក់ហើយបានស្លាប់ដោយសារ មេរោគដ៏កាចសាហាវមួយនេះ។

 

៥៖ ការផ្ទុះមេរោគឆ្លងកូរ៉ូណាថ្មី ឬ COVID-19 នៅភាគខាងជើងប្រទេសអ៉ីតាលី កាន់តែមានសភាពធ្ងន់ធ្ងរឡើងហើយ ដោយចំនួនអ្នកឆ្លងបានកើនដល់ ជាង ៣៥០ករណី ក្នុងនោះក៏មានក្មេងៗមួយចំនួនផងដែរ ខណៈមនុស្សស្លាប់សរុប បានកើនឡើងដល់ ១១នាក់។ បន្ថែមពីនេះក្មេងៗមួយចំនួន ក៏ត្រូវបានធ្វើតេស្តរកឃើញមេរោគ COVID-19 ផងដែរ។

 

៦៖ ប្រធានគណបក្ស ផាទី គាឌីឡាន រ៉ាក់យ៉ាត (PKR) លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) បានថ្លែងនៅថ្ងៃពុធនេះថាសមាជិកទាំងអស់នៃ គណបក្សចំរុះ ផាកាតាន់ ហារ៉ាផាន់ (PH) នៅក្នុងសភាជាតិម៉ាឡេស៊ី គាំទ្រលោកធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ៕