(ក្រិក)៖ អាជ្ញាធរសុខាភិបាលក្រិក នៅថ្ងៃពុធនេះ បានអះអាងពីករណីឆ្លងជំងឺ COVID-19 ជាលើកដំបូងនៅក្នុងប្រទេស បន្ទាប់ពីស្ត្រីម្នាក់ អាយុ៣៨ឆ្នាំ ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លងជំងឺនេះ នៅក្នុងទីក្រុង Thessaloniki។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
ស្ត្រីរូបខាងលើ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ហើយគាត់ក៏ត្រូវបានគេរាយការណ៍ដែរថា ទើបតែត្រឡប់មកពីតំបន់ភាគខាងជើងប្រទេសអ៉ីតាលី ជាទីដែល COVID-19 បាននិងកំពុងរីករាដាលយ៉ាងគំហុគ។ បច្ចុប្បន្ន អាជ្ញាធរសុខាភិបាលក្រិក កំពុងតាមស្វែងរកមនុស្ស ដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយស្ត្រីរូបនេះ។
ករណីឆ្លង COVID-19 នៅទ្វីបអឺរ៉ុប ត្រូវបានគេរាយការណ៍ថាភាគច្រើនឆ្លងមកពីអ៉ីតាលី ដែលបានក្លាយជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេ នៅក្នុងទ្វីបអឺរ៉ុប។ អ៉ីតាលីបានរកឃើញការឆ្លងជំងឺ COVID-19 ៣៥០ករណី និងមនុស្ស១២នាក់បានស្លាប់ ខណៈក្រិក ក្រូអាត អូទ្រីស ស្វីស និងបារាំង បានអះអាងពីការផ្ទុះឡើងនូវករណីឆ្លងជំងឺមួយនេះ ដែលសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងអ្នកធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសអ៉ីតាលី៕