(អឺរ៉ុប)៖ នាយកអង្គការសុខភាពពិភពលោក WHO ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge បានឱ្យដឹងថា ការឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៨០,៩៨៨ករណីហើយ នៅក្នុងប្រទេសចំនួន៣៣ នៅទូទាំងពិភពលោក។ ប៉ុន្តែ វាមិនទាន់ភាពចាំបាច់ត្រូវភ័យខ្លាច ចំពោះការរីករាលដាលនេះទេ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលីនៅថ្ងៃពុធនេះ លោក Hans Kluge បានគូសបញ្ជាក់ដូច្នេះថា៖«វាមិនទាន់មានភាពចាំបាច់ ត្រូវភ័យខ្លាចចំពោះការរីករាលដាលនៃជំងឺ COVID-19 នោះទេ»។ លោកបន្ថែមថា អត្រាមរណនៃជំងឺនេះ មាន២ភាគរយ ហើយបច្ចុប្បន្ន វាមានត្រឹមតែ មួយភាគរយប៉ុណ្ណោះ នៅក្នុងប្រទេសចិន ជាទីដែលមានករណីឆ្លង ៩៦.៥ភាគរយ នៃករណីឆ្លងនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា បើតាមលោក Hans Kluge មនុស្ស៤នាក់ក្នុងចំណោម៥នាក់ដែលឆ្លង COVID-19 មានរោគសញ្ញាធូរស្រាល និងអាចជាសះស្បើយ
ឡើងវិញ ហើយថាកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺឆ្លងមួយនេះ នឹងត្រូវបង្កើន ដើម្បីធានាឱ្យបានថាគ្រប់តំបន់នៅក្នុងប្រទេសអ៉ីតាលី បានត្រៀមខ្លួន ប្រកបដោយតម្លាភាព៕