(ហុងកុង)៖ រដ្ឋាភិបាលទីក្រុងហុងកុងបានប្រកាសថា ខ្លួននឹងផ្ដល់ជូននូវប្រាក់ជាអំណោយក្នុងម្នាក់ៗ ១០,០០០ដុល្លារហុងកុង ឬ ១,២៨៣ដុល្លារអាមេរិក ដល់ពលរដ្ឋរស់នៅអចិន្រ្តៃយ៍ ក្នុងតំបន់សេដ្ឋកិច្ចស្វយ័តពិសេសរបស់ចិនមួយនេះ ដើម្បីជួសជុលការខូចខាតសេដ្ឋកិច្ច ដែលបង្កឡើងដោយបាតុកម្ម និងជំងឺឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
ការប្រកាសផ្ដល់ជូនបា្រក់អំណោយខាងលើដល់ប្រជាជនជាង ៧លាននាក់ ធ្វើឡើងដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុហុងកុង លោក ផូល ចាន់ (Paul Chan) ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ ជាមួយការបញ្ជាក់ថា បា្រក់ទាំងនេះគឺស្ថិតនៅក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាប្រចាំឆ្នាំ ១២០ពាន់លានដុល្លារហុងកុង សម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយបាតុកម្ម និង COVID-19។
លោក Chan បានលើកឡើងដូច្នេះថា «ក្រោយពិចារណាយ៉ាងយកចិត្តទុកដាក់ ខ្ញុំបានសម្រេចចិត្តផ្ដល់ប្រាក់ជាអំណោយ ១០,០០០ដុល្លារហុងកុង ដល់ប្រជាជនរស់នៅជាអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដើម្បីលើកទឹកចិត្ត និងជម្រុញកំណើននៃការប្រើប្រាស់ផលិតផលនៅក្នុងស្រុក ក៏ដូចជាដោះស្រាយវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយបាតុកម្ម និង COVID-19»។
លោក Chan បន្ថែមទៀថា រដ្ឋាភិបាលក៏នឹងបញ្ចុះតម្លៃជួលផ្ទះ គ្រប់គ្រងដោយរដ្ឋផងដែរ។ បច្ចុប្បន្នទីក្រុងហុងកុងមានការឆ្លង COVID-19 ចំនួន ៨១ករណី ក្នុងនោះស្លាប់ពីរនាក់។ ជុំវិញការទប់ស្កាត់មេរោគឆ្លង COVID-19 ដែលមានប្រភពដើមពីចិនដីគោកនេះ រដ្ឋបាលទីក្រុងហុងកុងក៏បានបញ្ចេញថវិកា រាប់ពាន់លានដុល្លាររួចទៅហើយដែរ៕