(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ បានអះអាងនៅមុននេះបន្តិចថា លោកនឹងធ្វើជានាយករដ្ឋមន្ត្រីដឹកនាំ រដ្ឋាភិបាលម៉ាឡេស៊ីឡើងវិញ ប្រសិនបើសមាជិកសភាភាគច្រើនគាំទ្ររូបលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នាល្ងាចថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍ លោក មហាធៀ បានពន្យល់ថា ពេលវេលាដែលលោកត្រូវចុះចេញពីតំណែង គឺមិនទាន់មកដល់នោះទេ ហើយការដែលលោកថ្វាយលិខិត ស្នើសុំលាលែងចេញពីតំណែង ទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ី គឺស្ថិតក្នុងន័យទុកពេលវេលា ឲ្យសមាជិកសភាទាំងអស់ធ្វើការសម្រេចចិត្តថា តើនរណាដែលសមនឹងជំនួសតំណែងលោកតែប៉ុណ្ណោះ។
លោក មហាធៀ ដែលបច្ចុប្បន្នមានតំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រសិនបើវាជាការពិតថា ខ្ញុំនៅតែទទួលការគាំទ្រនោះ ខ្ញុំនឹងត្រឡប់មកវិញ (កាន់តំណែងជានាយករដ្ឋមន្ត្រីឡើងវិញ) ហើយប្រសិនបើមិនដូច្នោះទេ ខ្ញុំនឹងទទួលយកអ្នកថ្មីទៀតដែលត្រូវបានជ្រើសរើស។ ឱកាសក្នុងការផ្លាស់ប្តូរមេដឹកនាំ គឺស្ថិតនៅទីនេះហើយ។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតែមានការគាំទ្រពីភាគីទាំងសងខាង ដូច្នេះពេលវេលាដែលខ្ញុំត្រូវចុះចេញនោះ គឺមិនទាន់មកដល់នោះឡើយ»។
គួរបញ្ជាក់ថា ក្រោយការដាក់ពាក្យលាលែងចេញពីតំណែងតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រះមហាក្សម៉ាឡេស៊ីព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានសម្រេចព្រះទ័យយល់ព្រមឲ្យលោក មហាធៀ មហាំម៉ាត់ (Mahathir Mohamad) លាលែងចេញពីតំណែង ប៉ុន្តែទ្រង់ក៏បានសម្រេចឲ្យលោក ស្ថិតនៅជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង។
ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រម៉ាឡេស៊ីខាងលើនេះ ត្រូវបានធ្វើឡើង ស្របទៅនឹងរដ្ឋធម្មនុញ្ញមាត្រា ៤៣ ដោយក្នុងនោះបានបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីស្តីទី ឬបណ្តោះអាសន្ននឹងត្រូវកាន់ការយ៉ាងយូរបំផុតរយៈពេល ១០ថ្ងៃ រហូតដល់គណៈរដ្ឋមន្ត្រី ព្រមទាំងនាយករដ្ឋមន្ត្រីថ្មីត្រូវជ្រើសតាំង។
ដោយឡែកការសម្រេចចិត្តលាលែងចេញពីតំណែងរបស់ លោក មហាធៀ គឺបានកើតឡើងក្រោយការលេចលឺដំណឹងថា លោកនឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ជាមួយគណបក្សដទៃទៀត ដោយមិនមានលោក Anwar Ibrahim ដែលដៃគូចំរុះ និងជាអ្នកដែលលោក មហាធៀ ធ្លាប់បានសន្យាថា នឹងប្រគល់តំណែងនាយករដ្ឋមន្ត្រីឲ្យ ក្នុងរយៈពេលមិនលើសពីរឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលចំរុះត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៨៕