(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៣នាក់ថែមទៀត ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនដល់៤០នាក់ ជាមួយការសន្យាថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
មនុស្សម្នាក់ ក្នុងចំណោមមនុស្សបីនាក់ខាងលើ ដែលត្រូវបានធ្វើតេស្ដរកឃើញថាបានឆ្លង COVID-19 គឺធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់កោះ Hokkaido ប្រទេសជប៉ុន ហើយ បច្ចុប្បន្ន អ្នកទាំងនេះកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ បន្ថែមពីលើនេះ អាជ្ញាធរសុខាភិបាលថៃ បានជូនដំណឹងដល់ប្រជាជនរបស់ខ្លួន ឱ្យរាយការណ៍បា្រប់អាជ្ញាធរ ជាបន្ទាន់ បើសិនជាពួកគេមានអាការៈ ឬរោគសញ្ញាគួរឱ្យសង្ស័យ ក្រោយបានធ្វើដំណើរទៅកាន់បណ្ដាប្រទេស ឬតំបន់ដែល COVID-19 កំពុងរីករាលដាលខ្លាំង។
ម្យ៉ាងវិញទៀត អាជ្ញាធរសុខាភិបាលថៃ ក៏បានផ្ដល់យោបល់ផងដែរ សម្រាប់អ្នកដែលមានគម្រោងធ្វើដំណើរទៅក្រៅប្រទេសក្នុងកំឡុងពេលនេះ បើអាចជៀងវាងបាន សូមកុំធ្វើដំណើរទៅក្រៅប្រទេសឱ្យសោះ ខណៈបណ្ដាប្រទេសជាច្រើននៅលើពិភពលោកកំពុងធ្វើសង្រ្គាមជាមួយ COVID-19៕