Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តាញសង្គមធំៗលើពិភពលោក បន្តប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយអំពី COVID-19 ដោយសហការជាមួយ WHO (Video inside)

26-02-2020 11:44

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ខណៈជំងឺឆ្លង COVID-19 កំពុងរីករាលដាលកាន់តែខ្លាំង នៅទូទាំងសកលលោក ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមធំៗដូចជា Google, Facebook និង Twitter ក៏កំពុងបង្កើនការប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមហ៊ុន Google, Facebook, Twitter និងបណ្ដាក្រុមហ៊ុនបណ្ដេញទំនាក់ទំនងសង្គមដទៃ បាននិងកំពុងបង្កើតកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងការប៉ុនប៉ងទាំងឡាយ ដែលចង់ឆ្លៀងឱកាសប្រើប្រាស់ជំងឺ COVID-19 ដើម្បីបោកបញ្ឆោត និងបំភ័ន្តបន្លំប្រជាជន។ ការប្រកាសពីបង្កើនយុទ្ធនាការបង្រ្កាប ព័ត៌មានក្លែងក្លាយ កើតមានឡើងក្រោយក្រុមហ៊ុនធំៗទាំងនេះ បានចូលរួមក្នុងកិច្ចប្រជុំជាមួយ អង្គការសុខភាពពិភពលោក (WHO) កាលពីសប្ដាហ៍មុន នៅឯការិយាល័យក្រុមហ៊ុន Facebook ក្នុងតំបន់ ស៊ីលីខុន វ៉ាលឡេយ (Silicon Valley) នៃរដ្ឋកាលីហ្វរញ៉ា។

ស្ថិតក្នុងឱកាសនោះនាយកអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ក៏បានបញ្ជាក់ដូច្នេះថា «យើងទាំងអស់គ្នាត្រូវតែប្រឆាំងដាច់ខាត ទៅនឹងការចែកចាយពាក្យចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយ»។ លោក Tedros បានបន្ថែមទៀតថា «ដើម្បីសម្រេចវត្ថុបំណងនេះ យើងទាំងអស់គ្នាត្រូវតែធ្វើការជាមួយក្រុមហ៊ុន Google សំដៅធានាឱ្យបានថា ប្រជាជនដែលចង់ស្វែងរកព័ត៌មានពាក់ព័ន្ធនឹង COVID-19 បានឃើញព័ត៌មានពិតដែលចេញផ្សាយដោយ WHO»។

គួរបញ្ជាក់ថា អង្គការ WHO ក៏ធ្លាប់បានសំណូមពរម្តងរួចទៅហើយ ចំពោះក្រុមហ៊ុន Google ដែលជាកន្លែងស្រាវជ្រាវរកព័ត៌មាននានា ធំបំផុតរបស់ពិភពលោក។ WHO បានសុំឲ្យ Google រុញព័ត៌មានផ្លូវការដែលចេញដោយអង្គការនេះ ឲ្យស្ថិតនៅលេខរៀងលើគេបំផុត នៅពេលអ្នកប្រើប្រាស់នានាធ្វើការ Search រកព័ត៌មានអំពីជំងឺឆ្លង COVID-19 តាមរយៈវែបសាយ Google៕