(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ១,១៤៦ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ១១នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
តួលេខកើនឡើងយ៉ាងគំហុកខាងលើនេះ គឺបានកើតមានឡើង ក្រោយពីអាជ្ញាធរបានប្រកាសចេញនូវអ្នកធ្វើតេស្តរកឃើញលទ្ធផល «វិជ្ជមាន» នៃមេរោគ COVID-19 ចំនួន ១៦៩នាក់បន្ថែមទៀត នៅព្រឹកថ្ងៃពុធនេះតែម្តង។ បច្ចុប្បន្នទីតាំងដែលរដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែផ្តោតការយកចិត្តទុកខ្លាំងបំផុតនោះ គឺទីក្រុងដេគូ (Daegu) និងស្រុកឆុងទូ (Cheongdu) ដែលនៅស្ថិតនៅជាប់គ្នា និងជាកន្លែងរ៉ាប់រងចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសរហូតដល់ទៅជិត ៨០%ឯណោះ។
គួរបញ្ជាក់ថា ទីក្រុង Daegu គឺជាទីក្រុងធំបំផុតលំដាប់លេខ ៤ នៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនរស់នៅសរុបជាង ២.៥លាននាក់។ ក្នុងចំណោមករណីឆ្លងទាំងអស់ គឺមានជាង ៨០០ករណីស្ថិតនៅក្នុងទីក្រុងភាគអាគ្នេយ៍ប្រទេសមួយនេះ។ បច្ចុប្បន្នអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏កំពុងតែកសាងមណ្ឌលពិនិត្យ និងព្យាបាលអ្នកជំងឺឆ្លង COVID-19 បន្ថែមទៀតនៅក្នុងទីក្រុង Daegu ផងដែរ ខណៈការប្រកាសអាសន្នគឺស្ថិតក្នុងកម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត៕