(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការរាលដាលនៃជំងឺឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃអង្គារនេះនៅតែបន្តកើនឡើង ដោយគ្មានសញ្ញាធូរស្រាលនោះឡើយ ខណៈចំនួនអ្នកឆ្លងបានកើនដល់ ៩៧៧ករណី ក្នុងនោះអ្នកស្លាប់កើនដល់ ១១នាក់។
២៖ ប្រភពពីក្រសួងសុខាភិបាលអ៉ីរ៉ង់បានឲ្យដឹងថា អនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់លោក អ៉ីរ៉ាច ហារីឈី (Iraj Harirchi) ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 ខណៈមនុស្សស្លាប់ដោយសារជំងឺនេះទូទាំងប្រទេសអ៉ីរ៉ង់ កើនឡើងដល់ ១៦នាក់។
៣៖ របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន បានចេញមកហើយ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៦៦៣នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៧,៦៥៨ករណី។
៤៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោក ហូស្នី មូបារ៉ាក់ (Hosni Mubarak) បានទទួលមរណភាពហើយនៅអាយុ ៩១ឆ្នាំ បន្ទាប់ពីលោកបានទទួលការវះកាត់ និងសម្រាកក្នុងមន្ទីរពេទ្យនៃរដ្ឋធានីគែរអស់មួយសប្តាហ៍។
៥៖ មនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត និង១៥០នាក់ រងរបួស នៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សា នៅឯទីក្រុងញូដេលី ប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងមកកាន់ប្រទេសឥណ្ឌា។
៦៖ សេតវិមានរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ជូនសំណើសុំកញ្ចប់ថវិកាបន្ថែមចំនួន ២,៥ពាន់លានដុល្លាអាមេរិក ទៅកាន់សភាជាតិរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី ឬ COVID-19៕