(ញូដេលី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីផ្សារហ៊ុនអាមេរិកនឹងជួបភាពប្រឡាប់ចាក់ បើសិនជាលោកចាញ់នៅក្នុងការបោះឆ្នោតជ្រើស រើសប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅថ្ងៃអង្គារនេះ ទៅកាន់បណ្ដាថ្នាក់ដឹកនាំពាណិជ្ជកម្ម នាឱកាសបំពេញទស្សនកិច្ចក្នុងប្រទេសឥណ្ឌា។ ថ្លែងនាឱកាស នោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ទីផ្សារហ៊ុនអាមេរិកនឹងកើនឡើងខ្ពស់ បើសិនជាខ្ញុំជាប់ឆ្នោតជាថ្មី តែបើខ្ញុំចាញ់នៅក្នុងការបោះឆ្នោតវិញ នោះពួកអ្នកនឹងបានឃើញទីផ្សារហ៊ុនក្រឡាប់ចាក់ ដែលមិនធ្លាប់មានពីមុនមក»។
លោក ដូណាល់ ត្រាំ បន្ថែមទៀតថា ការធ្លាក់ចុះភាគហ៊ុននៃទីផ្សារហ៊ុន កាលពីថ្ងៃចន្ទ ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃជំងឺ COVID-19 គឺជាសញ្ញាមួយ ដ៏អាក្រក់ ប៉ុន្តែលោកថាសហរដ្ឋអាមេរិក អាចដោះស្រាយបញ្ហាទាំងនេះបាន៕