(អឺរ៉ុប)៖ ប្រទេសក្រូអាត និងអូទ្រីស នៅថ្ងៃអង្គារនេះ បានអះអាងពីការរកឃើញករណីឆ្លងជំងឺ COVID-19 ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន ខណៈបណ្ដាប្រទេសអឺរ៉ុប កំពុងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមអាជ្ញាធរក្រូអាត អ្នកជំងឺ COVID-19 ម្នាក់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងរដ្ឋធានី Zagreb ហើយនាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenkovic បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានថា អ្នកជំងឺរូបនេះគឺជាយុវជនម្នាក់ដែលធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង Milan ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ ហើយ បច្ចុប្បន្នរូបគេមិនមានរោគសញ្ញាធ្ងន់ធ្ងរអ្វីនោះទេ។
ចំណែកឯ នៅក្នុងប្រទេសអូទ្រីសឯណោះវិញ ក៏មានសេចក្ដីរាយការណ៍ពីការផ្ទុះឡើងជាលើកដំបូងនូវករណីឆ្លង COVID-19 ផងដែរ បន្ទាប់ពីមនុស្ស២នាក់ដែលជា ពលរដ្ឋអ៉ីតាលី រស់នៅក្នុងរដ្ឋ Tyrol ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លងជំងឺមួយនេះ៕