(គែរ)៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោក ហូស្នី មូបារ៉ាក់ (Hosni Mubarak) បានទទួលមរណភាពហើយនៅអាយុ ៩១ឆ្នាំ បន្ទាប់ពីលោកបានទទួលការវះកាត់ និងសម្រាកក្នុងមន្ទីរពេទ្យនៃរដ្ឋធានីគែរអស់មួយសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Mubarak គឺជាអតីតមេដឹកនាំដ៏ល្បីល្បាញមួយរូបប្រចាំពិភពអារ៉ាប់ ដែលបានកាន់អំណាចនៅអេហ្ស៊ីបរយៈពេលដល់ទៅ ៣២ឆ្នាំ ហើយលោកត្រូវបានទម្លាក់ចេញពីតំណែងកាលពីឆ្នាំ២០១១ នៅក្នុងចលនារំជើបរំជួលដ៏ធំមួយនាគ្រានោះ។ ក្រោយការទម្លាក់ចេញពីតំណែង លោកត្រូវបានរដ្ឋាភិបាលថ្មីចាប់ខ្លួន និងយកទៅកាត់ទោសពីបទបញ្ជាឲ្យកងកម្លាំង បង្ក្រាប និងសម្លាប់ក្រុមបាតុករដែលប្រឆាំងលោក។
គួរបញ្ជាក់ថា លោក Hosni Mubarak ធ្លាប់ត្រូវបានតុលាការអេហ្ស៊ីបកាត់ទោស ដាក់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែក្រោយមកលោកត្រូវបានសម្រេចលើកលែងទោស និងដោះលែងចេញពីពន្ធនាគារវិញ នៅខែមីនា ឆ្នាំ២០១៧៕