(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក CDC បានរាយការណ៍ឲ្យដឹងថា គិតមកត្រឹមថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) តួលេខសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅលើទឹកដីសហរដ្ឋអាមេរិកបានកើនឡើងដល់៥៣នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នារសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN បានគូសបញ្ជាក់ថា ក្នុងចំណោម៥៣នាក់ដែលបានកើតជំងឺ COVID-19 ខាងលើ មាន ៣៦នាក់ គឺជាអ្នកដំណើមកពីនាវា Daimond Princess និង០៣នាក់ គឺជាអ្នកដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសចិន ចំណែកឯ១៤ នាក់ផ្សេងទៀតគឺបានឆ្លងនៅក្នុងទឹកដីអាមេរិកផ្ទាល់តែម្តង។ មន្ត្រីសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិក បានព្រមានថាចំនួនករណីឆ្លងជំងឺ COVID-19 តាមរយៈពលរដ្ឋរបស់ខ្លួន ដែលបានវិលត្រលប់ពីប្រទេសចិនវិញ នឹងមានការកើនឡើង។

ដោយឡែក លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងមានវត្តមាននៅប្រទេសឥណ្ឌាបានបង្ហោះសារលើបណ្តាញសង្គម Twitter របស់លោកនៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «ជំងឺកូរ៉ូណាថ្មី គឺស្ថិតក្រោមការគ្រប់គ្រងរបស់យើងបានយ៉ាងល្អ នៅសហរដ្ឋអាមេរិក»។ លោកក៏បានបន្ថែមទៀតថា «យើង (សហរដ្ឋអាមេរិក) មានទំនាក់ទំនងជាមួយមនុស្សរាល់គ្នា និងបណ្តាប្រទេសនានាដែលជាប់ពាក់ព័ន្ធ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក និងអង្គការសុខភាពពិភពលោក បាន និងកំពុងធ្វើការយ៉ាងស្វាហាប់និងឆ្លាតវ័យណាស់»