(បាងកក)៖ នាថ្ងៃចន្ទនេះ ប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន២នាក់ថែមទៀត ដែលប្រការនេះធ្វើឲ្យចំនួន សរុបកើនដល់៣៧ករណី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ករណីថ្មីទាំងពីរនោះ គឺជាជនជាតិថៃ ដោយម្នាក់ជាស្រ្តីវ័យ៣១ឆ្នាំ ដែលសមាជិកគ្រួសារ គាត់មាន ប្រវត្តិធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន ខណៈម្នាក់ទៀតជាបុរសអាយុ២៩ឆ្នាំ ដែលជាបើកបរឲ្យក្រុមភ្ញៀវទេសចរចិន។ តែយ៉ាងណាមិញ អ្នកជំងឺ COVID-19 សរុប២២នាក់ បានចាកចេញពីមន្ទីរពេទ្យ ក្រោយពីជាសះស្បើយនៅក្នុងប្រទេសថៃ ស្របពេលដែល១៥នាក់ កំពុងបន្ត ទទួលការព្យាបាល។
គួរជម្រាបថា នៅក្នុងប្រទេសចិន ជំងឺ COVID-19 បានឆ្លងដល់មនុស្សច្រើនជាង៧៧,០០០នាក់ និងផ្តាច់ជីវិតជិត២,៧០០នាក់។ ជំងឺនេះបាន រាលដាលទៅដល់ប្រទេសជាង៣០ផ្សេងទៀត ហើយក៏មានករណីស្លាប់ផងដែរ ក៏ប៉ុន្តែនៅថៃមិនមានអ្នកបាត់បង់ជី វិត ដោយសារតែជំងឺនេះ ទេ៕