(តូក្យូ)៖ សារព័ត៌មានក្នុងស្រុករបស់ជប៉ុន នាថ្ងៃអង្គារនេះបានរាយការណ៍ថា អ្នកដំណើរដែលឆ្លងជំងឺ COVID-19 លើនៅកប៉ាល់ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ក្នុងប្រទេសជប៉ុនចំនួន ០៤នាក់ហើយបានបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នកដំណើរទាំង ០៤នាក់ ដែលបានបាត់បង់ជីវិតដោយសារ COVID-19 ក្រោយការឆ្លងនៅលើកប៉ាល់ទេសចរណ៍ខ្នាតធំ Diamond Princess គឺសុទ្ធតែជាជនជាតិជប៉ុន ដែលមានវ័យចំណាស់ខ្លាំងគឺខ្ទង់ ៨០ឆ្នាំឡើងទៅ។ ពាក់ព័ន្ធបញ្ហាកប៉ាល់ Diamond Princess រដ្ឋាភិបាលជប៉ុនកំពុងប្រឈមនឹងការរិះគន់ ជុំវិញវិធានការដោះស្រាយបញ្ហារបស់ខ្លួន។ នៅពេលកប៉ាល់ទេសចរណ៍នេះមកដល់ទីក្រុង យ៉ូកូហាម៉ា (Yokoham) ជប៉ុនបានសម្រេចហាមមិនឲ្យអ្នកដំណើរចុះពីលើកប៉ាល់ ក្នុងរយៈពេលប្រមាណពីរសប្តាហ៍ ក្រោយមានដំណឹងថាមានអ្នកធ្លាប់ជិះកប៉ាល់នេះ ត្រូវបានគេរកឃើញថា ឆ្លងជំងឺ COVID-19។
នៅក្នុងអំឡុងពីរសប្តាហ៍នៃការតាមដានសុខភាពលើកប៉ាល់ (ស្របតាមស្តង់ដា WHO) មនុស្សសរុបជាង ៦០០នាក់នៅលើកប៉ាល់ត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19។ កាលពីថ្ងៃពុធសប្តាហ៍មុន អាជ្ញាធរជប៉ុនបានអនុញ្ញាតឲ្យអ្នកដំណើរប្រមាណ ៩៧០នាក់ចុះពីលើកប៉ាល់ បន្ទាប់ពីការធ្វើតេស្តបង្ហាញថា ពួកគេមិនមាន COVID-19 ឡើយ។ ទោះបីជាបែបនេះក្តី អ្នកដំណើរមួយចំនួនទៀត ដែលបានវិលត្រឡប់ទៅកាន់ប្រទេសដើមពួកគេវិញ ត្រូវបានក្រុមជំនាញប្រទេសទាំងនោះ ធ្វើតេស្តរកឃើញជំងឺនេះទៅវិញ។
ខណៈអ្នកជំនាញមួយចំនួនលើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលជប៉ុនលើកប៉ាល់ Diamond Princess ហាក់គ្មានប្រសិទ្ធភាពគ្រប់គ្រាន់ ទីក្រុងតូក្យូនៅតែប្រកាន់គោលជំហរថា វិធានការឆ្លើយតបរបស់ខ្លួនគឺត្រឹមត្រូវ ហើយក៏មានការគាំទ្រពីក្រុមវេជ្ជបណ្ឌិតល្បីៗផងដែរ។ បច្ចុប្បន្នការឆ្លងមេរោគ COVID-19 នៅជប៉ុនមានចំនួនខ្ទង់ ១៥០ករណី ហើយបើបូកថែមករណីលើកប៉ាល់ទៀតនោះ គឺនៅជប៉ុនមានអ្នកឆ្លងមេរោគនេះជាង ៨៤០ករណីហើយ (ឈរលេខរៀងទី ៣ បន្ទាប់ពីចិន និងកូរ៉េខាងត្បូង)៕