(ទីម័រ)៖ នាយករដ្ឋមន្រ្តីទីម័រខាងកើត លោក ថូរ ម៉ាតាន់ រួក (Taur Matan Ruak) បានសម្រេចលាលែងពីតំណែង ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍ដ៏ក្មេងខ្ចីមួយនេះ កំពុងប្រឈមនឹងបញ្ហាអស្ថិរភាពនយោបាយថ្មីផ្សេងទៀត ក្រោយពីរដ្ឋាភិបាលចម្រុះ ដែលគាំទ្រលោកត្រូវដួលរលំ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Taur Matan Ruak ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំបានផ្ញើលិខិតសុំលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តី ទៅកាន់លោកប្រធានាធិបតីរួចរាល់ហើយ » បន្ទាប់ពីបានជួបពិភាក្សា ជាមួយប្រធានាធិបតីទ័ម័រខាងកើត លោក ហ្វ្រង់ស៊ីស្កូ ហ្គូទែរែស (Francisco Guterres)។
ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្រ្តីទីម័រខាងកើតបានបញ្ជាក់ថា លោកបានត្រៀមខ្លួនបន្តនៅកាន់តំណែងនេះជាបណ្តោះអាសន្នសិន រហូតទាល់តែការសុំលាលែងរបស់លោកត្រូវបានទទួលយក ដើម្បីកុំឲ្យបង្កភាពរាំងស្ទះ ដល់សកម្មភាពរដ្ឋាភិបាលនៅក្នុងប្រទេស។
គួរជម្រាបថា លោក Taur Matan Ruak បានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តី នៃប្រទេសទីម័រខាងកើត កាលពីខែមិថុនា ឆ្នាំ២០១៨ ហើយលោកក៏ធ្លាប់បានធ្វើជាប្រធានាធិបតីចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ផងដែរ៕