(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ពិភពលោកគួរតែត្រៀមខ្លួនឲ្យហើយ ដើម្បីប្រឈមមុខនឹងលទ្ធភាពផ្ទុះឡើងនៃជំងឺ COVID-19 ទៅជាជំងឺរាតត្បាតសកល។ ការប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីជំងឺឆ្លងមួយនេះ បាននិងកំពុងរីករាលកាន់តែខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង អ៉ីតាលី និងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានអង្គការ WHO លោក ថេដ្រូស ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានបញ្ជាក់ថា ការកើនឡើងចំនួនករណីឆ្លង COVID-19 នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងប្រទេសអ៉ីរ៉ង់ អ៉ីតាលី និងកូរ៉េខាងត្បូងគឺជារឿងមួយគួរឱ្យព្រួយបារម្ភ។
ប្រមុខអង្គការសុខភាពពិភពលោករូបនេះបានបន្តថា វាដូចជាលឿនរហ័សពេកក្នុងការចាត់ទុកថា COVID-19 គឺជា «ជំងឺរាតត្បាតសកលលោក» ប៉ុន្តែបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក គួរតែត្រៀមខ្លួនឱ្យហើយ។ «ជំងឺរាតត្បាតសកលលោក» កើតមានឡើងនៅពេលដែលជំងឺឆ្លងមួយរាតត្បាត ឬឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ យ៉ាងឆាប់រហ័សនៅផ្នែកខ្លះនៃពិភពលោក ឬក៏នៅទូទាំងពិភពលោកតែម្ដង។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន មនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ២,៦៦៣នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៧,៦៥៨ករណី ហើយដែលចំនួនទាំងនេះមានការថមថយ។ ប៉ុន្តែករណីឆ្លងថ្មីនៅក្រៅប្រទេសចិន បែរជាកើនឡើងទៅវិញ ដោយក្នុងនោះ អ៉ីរ៉ាក់ អាហ្វហ្គានីស្ថាន គុយវ៉ែត អូម៉ង់ និងបារ៉ែន នៅថ្ងៃចន្ទសប្ដាហ៍នេះបានអះអាងដូចៗគ្នា ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន ហើយអ្នកឆ្លងទាំងអស់សុទ្ធតែ បានធ្វើដំណើរត្រឡប់មកពីប្រទេសអ៉ីរ៉ង់៕