Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន៖ ចំនួនមនុស្សស្លាប់ក្នុងថ្ងៃចន្ទម្សិលមិញ គឺទាបបំផុតនៅអំឡុង២សប្តាហ៍, អត្រាអ្នកឆ្លង COVID-19 បន្តនៅទាបជាងអត្រាអ្នកជាសះស្បើយ៧ថ្ងៃជាប់ៗគ្នា (Video inside)

25-02-2020 10:17

(ប៉េកាំង)៖ នាថ្ងៃអង្គារនេះ អាជ្ញាធរចិនបានរាយការណ៍ពីករណីចំនួន៧១ថែមទៀត នៃអ្នកស្លាប់ដោយសារ COVID-19 ដែលវាគឺជាអត្រា ទាបបំផុតគិតក្នុងអំឡុងពេលជាងពីរសប្តាហ៍កន្លងមកនេះ រីឯអត្រានៃអ្នកចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយក៏នៅតែបន្តខ្ពស់ជាង អត្រាអ្នកឆ្លងថ្មី០៧ថ្ងៃជាប់គ្នាផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងនោះអ្នកស្លាប់ ៦៨នាក់ស្ថិតនៅក្នុងខេត្ត Hubei (៥៦នាក់ នៅក្នុងទីក្រុង Wuhan)។ ចំណែកអ្នកជាសះស្បើយថ្មីបន្ថែមទៀតមានចំនួន ២,៥៨៩នាក់ ដែលបានចាកចេញពីមន្ទីរពេទ្យ រីឯចំនួនអ្នកឆ្លងថ្មីមានត្រឹម៥០៨នាក់។ គេកត់សម្គាល់ឃើញថា ប៉ុន្មានថ្ងៃជាប់គ្នាមកនេះមិនមានករណីឆ្លងថ្មីនៅ តាមខេត្តជាច្រើននៅក្នុងប្រទេសចិន ហើយអង្គការសុខភាពពិភពលោកបានលើកឡើងថា ការផ្ទុះរីករាលដាលនៅក្នុងប្រទេសចិន ហាក់បានឈានដល់ដំណាក់កាលកំពូលរួចទៅហើយ ដូច្នេះវាកំពុងតែធ្លាក់ចុះមកវិញជាបណ្តើរៗ។

យ៉ាងណាមិញ អង្គការសុខភាពពិភពលោកបានព្រមានថា COVID-19 កំពុងតែវាយលុកខ្លាំងនៅតាមប្រទេសមួយចំនួនដទៃទៀតរួមមាន កូរ៉េខាងត្បូង អ៉ីរ៉ង់ និងអ៉ីតាលីជាដើម។ មិនតែប៉ុណ្ណោះ ស្របពេលដែលករណីឆ្លងថ្មីៗនៅក្នុងប្រទេស បានថយចុះជាបន្តបន្ទាប់ក៏ដោយ ចិននៅតែមិនទាន់អាចបន្តសកម្មភាពធម្មតា នានាឡើងវិញបាននៅឡើយទេ។

គួរជម្រាបថា ចំនួនមនុស្សស្លាប់សរុបនៅចិនដោយសារ COVID-19 បានកើនដល់ ២,៦៦៣នាក់ និងឆ្លងដល់ ៧៧,៦៥៨ករណី ខណៈអ្នកជាសះស្បើយមានចំនួន ២៧,៣២៣នាក់៕