(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា មនុស្សសរុប ៦០នាក់បន្ថែមទៀត ត្រូវបានក្រុមជំនាញធ្វើតេស្តរកឃើញមេរោគ COVID-19 នៅព្រឹកថ្ងៃអង្គារនេះ ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះ សរុបកើនឡើងដល់ ៨៩៣ករណី ក្នុងនោះអ្នកជំងឺ ០៨នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ៦០នាក់នោះ គឺរហូតដល់ទៅ ៤៩នាក់ជាអ្នកដែលរស់នៅទីក្រុង ដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង និងមានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង បណ្តាខេត្តធំៗរបស់ប្រទេសអាស៊ីបូព៌ាមួយនេះ សុទ្ធតែមានករណីឆ្លងមេរោគ COVID-19 ត្រូវបានរកឃើញ ខណៈក្នុងចំណោមអ្នកឆ្លងថ្មីៗនៅថ្ងៃអង្គារនេះ ក៏មាន ០២នាក់ស្ថិតនៅក្នុងទីក្រុងសេអ៊ូលផងដែរ។
ក្រៅពីនេះទីក្រុងប៊ូសានក៏ទើបរកឃើញអ្នកឆ្លងថ្មីៗ ០៣ករណីបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ ខណៈខេត្តគ្យុងជី (Gyeonggi) វិញមានរហូតដល់ ០៥ករណីថ្មីៗ។ ចាប់តាំងពីការបង្កើន កម្រិតប្រកាសអាសន្នរហូតដល់ពណ៌ក្រហម (ខ្ពស់បំផុត) អាជ្ញាធរសុខាភិបាលទូទាំងប្រទេសកូរ៉េខាងត្បូង ជាពិសេសទីក្រុង ដេគូ (Daegu) និងតំបន់ឆុងទូ (Cheongdo) ដែលស្ថិតនៅក្បែរខាង បានបង្កើនយុទ្ធនាការទប់ស្កាត់ការរាតត្បាតកាន់តែខ្លាំង។
គួរបញ្ជាក់ថា នៅក្នុងទីក្រុង Daegu ដែលមានប្រជាជនរស់នៅ ២.៥លាននាក់ និងជាចំណុចក្តៅបំផុត នៃការផ្ទុះមេរោគឆ្លង COVID-19 នៅកូរ៉េខាងត្បូង អាជ្ញាធរសុខាភិបាលកំពុងតែរៀបចំបង្កើត មណ្ឌលធ្វើតេស្តសុខភាពបន្ថែមទៀត ដើម្បីទទួលប្រជាជនដែលកំពុងសម្រុកមកធ្វើតេស្ត៕