(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃចន្ទនេះ បានបញ្ចេញកញ្ចប់ថវិកា ៩៩.៥ពាន់លានយ័ន ឬស្មើនឹង១៤.១៦ពាន់លានដុល្លារ ជាមូលនិធិសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ការប្រកាសពីការទម្លាក់កញ្ចប់ថវិកាខាងលើ ធ្វើឡើងដោយជំនួយការរដ្ឋមន្ត្រីហិរញ្ញវត្ថុចិន គឺលោក Ou Wenhan កំឡុងការធ្វើសន្និសីទសារព័ត៌មានដ៏ខ្លីមួយក្នុងទីក្រុងប៉េកាំង។ នៅថ្ងៃចន្ទនេះដដែល គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិប្រជាជនចិន ក៏បានប្រកាសផងដែរពីការផ្អាកការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ហើយនេះគឺជាការផ្អាកលើកដំបូងបំផុតចាប់តាំងពីសម័យបដិវត្តន៍វប្បធម៌នៅក្នុងប្រទេសចិនមក។
គណៈកម្មាធិការខាងលើ មិនបានបញ្ជាក់អ្វីលម្អិតឡើយ ដោយគ្រាន់តែឱ្យដឹងថាកិច្ចប្រជុំប្រចាំរបស់សភា ដែលគ្រោងនឹងធ្វើឡើង នៅ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នឹងត្រូវពន្យារពេល ហើយកាលរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
គួរជម្រាបថា អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់ ២,៥៩២នាក់ និងអ្នកឆ្លងសរុបនៅទូទាំងប្រទេសមានចំនួនសរុប៧៧,១៥០ករណី៕