(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃចន្ទនេះ បានសម្រេចចិត្តផ្អាកការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមីនាខាងមុខនេះ ជាលើកដំបូងបំផុត ចាប់តាំងពីសម័យបដិវត្តន៍វប្បធម៌មក ខណៈកំពុងប្រយុទ្ធនឹងការជំងឺ COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមស្ថានីយ៍ទូរទស្សន៍ចិន CCTV គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិប្រជាជនចិន នឹងធ្វើការសម្រេចចិត្តលើកាលបរិច្ឆេទជាថ្មីនៅពេលក្រោយ ដោយមិនបានបញ្ជាក់អ្វីលម្អិតឡើយ។
គួរបញ្ជាក់ថា ជំងឺឆ្លង COVID-19 បានផ្ដាច់ជីវិតមនុស្សច្រើនជាង ២,៤០០នាក់ និងជាង ៧៦,៥០០នាក់ឆ្លងនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានទម្លាក់កញ្ចប់ថវិការាប់ពាន់លានដុល្លារអាមេរិកផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ឲ្យកាន់តែមានប្រសិទ្ធភាព៕