(តែលអាវីវ)៖ យោធាអ៉ីស្រាអែល បានអះអាងថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា (Gaza) និងនៅប្រទេសស៊ីរី ដើម្បីជាការឆ្លើយតបនឹងការបាញ់គ្រាប់រ៉ុក្កែតមកលើទឹកដីរបស់ខ្លួន។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
យោធាអ៉ីស្រាអែលបានលើកឡើងយ៉ាងដូច្នេះថា ខ្លួនបានវាយប្រហារលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅភាគខាងត្បូងក្រុងដាម៉ាស នៃប្រទេសស៊ីរី និងនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យម្សិលមិញ។ ក្នុងការទទួលស្គាល់នេះ អ៉ីស្រាអែលក៏បានបញ្ជាក់ដែរថា ខ្លួនបានផ្តោត គោលដៅលើកន្លែងប្រមូលផ្តុំនៃការធ្វើសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
ចំណែកឯខាងស៊ីរីវិញ បាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ស្កាត់គ្រាប់មីសីលរបស់អ៉ីស្រាអែលជាច្រើនគ្រាប់។ ខណៈមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់០៤នាក់ បានទទួលរងរបួសនៅតំបន់ហ្គាហ្សា មិនទាន់មានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនេះទេ។
គួរជម្រាបថា ការវាយប្រហារខាងលើ បានកើតមានឡើងបន្ទាប់ពី តំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល បានរងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត យ៉ាងតិចចំនួន២០គ្រាប់ ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។ តែទោះជាយ៉ាងណា ក្នុងហេតុការណ៍នោះ ក៏ពុំមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះដែរ។ ភាពតានតឹងថ្មីនេះ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃដដែល នៅពេលដែលអ៊ីស្រាអែលបានប្រកាសថាខ្លួន បានសម្លាប់សមាជិកក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីនម្នាក់ នៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយតំបន់ហ្គាហ្សា៕