(គូឡាឡាំពួ)៖ ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី វ៉ាន អាហ្ស៊ីហ្សាហ៍ វ៉ាន អ៊ីស្មែល (Wan Azizah Wan Ismail) និងស្វាមីរបស់លោកស្រីគឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) គ្រោងនឹងចូលគាល់ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri'ayatuddin Al-Mustafa Billah Shah) នៅរសៀលថ្ងៃចន្ចនេះ ចំពោះមុខស្ថានការណ៍នយោបាយក្នុងប្រទេស ដែលកំពុងឡើងកំដៅខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ចាប់តាំងពីមានការលេចលឺថា នឹងមានការរុះរើ និងបង្កើតរដ្ឋាភិបាលថ្មីកាលពីដើមសប្តាហ៍នេះ សកម្មភាពនយោបាយ ក៏ដូចជាការបើកកិច្ចប្រជុំនានា របស់គណបក្សនយោបាយសំខាន់ៗនៅប្រទេសម៉ាឡេស៊ី បានកើតឡើងជាបន្តបន្ទាប់គួរឲ្យចាប់អារម្មណ៍។
កាលពីថ្ងៃអាទិត្យម្សិលមិញមេដឹកនាំសំខាន់ៗ នៃគណបក្សដែលកំពុងកាន់អំណាច និងបក្សប្រឆាំង បានបើកកិច្ចប្រជុំពិសេសមួយនៅសណ្ឋាគារមួយកន្លែង នៅឯទីក្រុង ផេថាលីង ហ្សាយ៉ា (Petaling Jaya)។ កិច្ចប្រជុំបិទទ្វានេះ និងកិច្ចប្រជុំមុនៗ ដែលមានគណបក្សនយោបាយជាច្រើនចូលរួម ត្រូវបានគ្រប់គ្នាសួររកគោលបំណង នៃការជួបជុំទាំងនោះ។ កិច្ចប្រជុំនានាក៏បន្តអូសបន្លាយរហូតដល់ថ្ងៃនេះដែរ ហើយនៅម៉ោង ២៖០០នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅគូឡាឡាំពួ) ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan Azizah Wan Ismail និងស្វាមីរបស់លោកស្រី គឺលោក Anwar Ibrahim ក៏នឹងចូលគាល់ព្រះមហាក្សត្រម៉ាឡេស៊ី នៅឯព្រះរាជវាំងផងដែរ។
គួរជម្រាបថា មុនការបោះឆ្នោតសកលលើកទី ១៤ ក្នុងខែឧសភា ឆ្នាំ២០១៨ កន្លងទៅ គណបក្សសម្ព័ន្ធ ផាកាន់ហារ៉ាផាសន់ (Pakatan Harapan ឬ PH) បានឯកភាពថា លោក មហាធៀ មហាំម៉ាត់ (Mahathir Mohammed) នឹងក្លាយជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីរយៈពេល ០២ឆ្នាំប៉ុណ្ណោះ ហើយនឹងប្រគល់តំណែងនេះឲ្យលោក Anwar ដែលជាដៃគូចំរុះវិញ ប៉ុន្តែលោក មហាធៀ បានលើកឡើងរួមមកហើយថា មិនទាន់ដល់ពេលនោះឡើយ ខណៈលោក Anwar វិញបានជាប់ពាក់ព័ន្ធរឿងក្តីចោទប្រកាន់មួយចំនួន ជាពិសេសជាប់ពាក់ព័ន្ធករណីបំពានផ្លូវភេទលើបុរសដូចគ្នា៕