(ឌូបៃ)៖ ក្រុមភេរវករអាល់កៃដា ឧបទ្វីបអារ៉ាប់ដែលហៅកាត់ថា AQAP បានចេញមុខមកបញ្ជាក់ពីការស្លាប់របស់មេដឹកនាំរបស់ខ្លួនដែលមានឈ្មោះថា កាស្សិម អាល់-រីមី (Qassim al-Rimi) និងបានប្រកាសពីតែងតាំងអ្នកថ្មី ឲ្យមកស្នងដំណែងបន្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានកម្ចាត់មេដឹកនាំសកម្មប្រយុទ្ធឥស្លាមរូបនោះ នៅប្រទេសយេម៉ែន។ បណ្តាញអ្នកឃ្លាំមើលក្រុមប្រដាប់អាវុធ នៅទូទាំងពិភពលោកដែលហៅថា SITE (SITE Intelligence Group) បានគូសបញ្ជាក់ថា សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើង ក្នុងការសន្ទនាជាសារសំឡេងមួយ ដែលបានផ្តល់ដោយមន្ត្រីផ្នែកសាសនាម្នាក់នៃក្រុមនេះ ដែលមានឈ្មោះថា ម៉ាមូត អាល់តាមីមី (Hamid bin Hamoud al-Tamimi)។ ក្នុងសារជាសំឡេងរបស់ខ្លួនលោក អាល់តាមីមី ក៏បានឲ្យដឹងដែរថា លោក ខាលីដ ប៊ីន អ៊ូម៉ា បាតាហ្វារី (Khalid bin Umar Batarfi) នឹងក្លាយជាមេដឹកនាំថ្មីនៃក្រុម AQAP នេះផងដែរ។
គួរជម្រាបថា កាលពីដើមខែនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីការស្លាប់របស់មេដឹកនាំអាល់កៃដា អាល់-រីមី ដោយលោកបានបញ្ជាក់ថា មេដឹកនាំរូបនេះត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មមួយនៅប្រទេសយេម៉ែន។ ការប្រកាសរបស់លោកប្រធានាធិបតីនេះដែរ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុម AQAP បានអះអាងទទួលខុសត្រូវ ចំពោះការបាញ់ប្រហារជាទ្រង់ទ្រាយធំមួយ កាលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ នៅឯមូលដ្ឋានកងទ័ពជើងទឹកមួយកន្លែងរបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅរដ្ឋផ្លូរីដា។ ក្នុងហេតុការណ៍នោះ មន្រ្តីកងទ័ពអាកាសអារ៉ាប៊ីសាអូឌីតម្នាក់ បានបាញ់សម្លាប់នាវិកអាមេរិកចំនួន០៣នាក់៕