(ឌូបៃ)៖ អាជ្ញាធរអ៉ីរ៉ង់ បានឱ្យដឹងថាពលរដ្ឋអ៉ីរ៉ង់ម្នាក់ ដែលបានឆ្លងជំងឺ COVID-19 បានស្លាប់នៅឯមន្ទីរពេទ្យមួយកន្លែង ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់៧នាក់ នៅទូទាំង ប្រទេស។ ប៉ុន្តែ ភ្លាមៗមិនទាន់មានការបញ្ជាក់លម្អិតពីតួលេខអ្នកឆ្លងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Abbas Mousavi ជាប្រធានមន្ទីរពេទ្យសាកលវិទ្យាល័យ Medical Science University នៃខេត្ត Mazandaran ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ស្រង់សម្ដី ដោយ បានបញ្ជាក់នៅថ្ងៃអាទិត្យនេះដូច្នេះថា៖« ពលរដ្ឋអ៉ីរ៉ង់ម្នាក់ ដែលបានធ្វើដំណើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុង Tonekabon បានស្លាប់ ដោយសារជំងឺ COVID-19»។
គួរបញ្ជាក់ថា មេរោគឆ្លង COVID-19 បានផ្ទុះឡើងជាលើកដំបូងនៅអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលជាពេលអាជ្ញាធរអ៉ីរ៉ង់ប្រកាសថា មនុស្ស ០២នាក់បានស្លាប់ដោយសារ COVID-19 នៅក្នុងទីក្រុងកូម (Qom)។ បច្ចុប្បន្ន អាជ្ញាធរអ៉ីរ៉ង់កំពុងតែស្វិតស្វាញយ៉ាងខ្លាំង ក្នុងការចាត់វិធានការណែនាំពលរដ្ឋឲ្យមកពិនិត្យសុខភាព៕