(សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង (KCDC) នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេស បានកើនដល់ ៦០២នាក់ហើយ បន្ទាប់ពីការឆ្លងថ្មី៤៦ករណី បន្ថែមទៀត ត្រូវបានរកឃើញ ខណៈអ្នកស្លាប់វិញក៏បានកើនដល់៥នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាម KCDC អ្នកជំងឺ ដែលបានបាត់បង់ជីវិតដោយសារតែជំងឺ COVID-19 គឺជាស្ត្រីម្នាក់មានអាយុ៥៦ឆ្នាំ មកពីទីក្រុង Daegu ភាគអាគ្នេយ៍នៃប្រទេស ជាទីដែលមនុស្ស ជាង៤០០នាក់ ដែលបានចូលរួមក្នុងពិធីបុណ្យសាសនា នៃវិហារគ្រឹស្ត ស៊ីនឈុនជី (Shincheonji) ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លងជំងឺនេះ។ ស្ត្រីរូបនេះ បានស្លាប់នៅឯ មន្ទីរពេទ្យ Kyungpook National University Hospital កំឡុងកំពុងទទួលការព្យាបាល ដោយធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៥នាក់។
គួរបញ្ជាក់ថា តួលេខនៃការឆ្លងមេរោគ COVID-19 នៅប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសម្រាប់ករណីឆ្លងថ្មីៗ យ៉ាងគំហុកនេះ ភាគច្រើនគឺមានជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងក្រុង ឆុងទូ (Cheongdo) និងព្រះវិហារគ្រិស្តសាសនាមួយមានឈ្មោះថា ស៊ីនឈុនជី (Shincheonji) ស្ថិតក្នុងក្រុងដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលមានមនុស្សរស់នៅជាង ២.៥លាននាក់។
ការឆ្លងមេរោគ COVID-19 នៅក្នុងវិហារ ស៊ីនឈុនជី ចាប់ផ្តើមដំបូងពីស្រ្តីវ័យ៦១ឆ្នាំ ម្នាក់ ដែលបានបង្ហាញរោគសញ្ញាសង្ស័យកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក៏ប៉ុន្តែ បានចូលរួមពិធីសាសនាក្នុងព្រះវិហារគ្រិស្តនោះយ៉ាងតិច ០៤លើកមុនពេលត្រូវ បានក្រុមជំនាញធ្វើរោគវិនិច្ឆ័យ រកឃើញមេរោគ COVID-19 នៅក្នុងខ្លួនរបស់គាត់។
ដោយឡែក នៅថ្ងៃអាទិត្យនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៉ីន បានប្រកាសឱ្យដឹងថា កូរ៉េខាងត្បូងនឹងបង្កើនភាពអាសន្ននៃការឆ្លងជំងឺ COVID-19 ឱ្យដល់ កម្រិតខ្ពស់បំផុត ប្រឈមមុខនឹងការកើនឡើងយ៉ាងឆាប់រហ័ស នូវករណីឆ្លងជំងឺមួយនេះនៅក្នុងប្រទេស។ លោក មូន បានបញ្ជាក់នៅក្រោយកិច្ចប្រជុំស្ដីពី COVID-19 ដូច្នេះថា ៖ « គ្រោះថ្នាក់នៃ COVID-19 កំពុងស្ថិតនៅចំណុចមួយដ៏ធ្ងន់ធ្ងរ...ដែលតម្រូវឱ្យរដ្ឋាភិបាល នឹងបង្កើនភាពអាសន្នឱ្យដល់កម្រិតខ្ពស់បំផុត ស្របទៅតាមអនុសាសន៍របស់ ក្រុមអ្នកជំនាញ»៕