(រីយ៉ាដ)៖ នាយកគ្រប់គ្រងអង្គការមូលនិធិ រូបយវត្ថុ អន្តរជាតិ IMF លោកស្រី Kristalina Georgieva រំពឹងថាសេដ្ឋកិច្ចរបស់ចិន អាចនឹងត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ នៅត្រីមាសទី២ ក្នុងឆ្នាំ២០២០ ខណៈសេដ្ឋកិច្ចពិភពលោកកំពុងរងការខូចខាត ដោយសារតែជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
លោកស្រី Kristalina Georgieva ធ្វើការកត់សម្គាល់ខាងលើ នាឱកាសចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងក្រុមអភិបាលធនាគារកណ្ដាលមកពីក្រុមប្រទេស G20 នៅឯ ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។ លោកស្រី Kristalina បានលើកឡើងដូច្នេះថា៖ «អាជ្ញាធរចិន កំពុងប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ អវិជ្ជមានលើសេដ្ឋកិច្ច ដែលបង្កឡើងដោយ COVID-19 ...ហើយផ្អែកលើការវិធានការនានា ខ្ញុំយល់ថាសេដ្ឋកិច្ចចិននឹងត្រឡប់ទៅរកសភាពធម្មតាវិញ នៅត្រីមាសទី២ក្នុង ឆ្នាំ២០២០នេះ ពោលគឺពីខែមេសា ដល់ខែមិថុនា ខាងមុខនេះ»។
គួរបញ្ជាក់ថា បើតាមលោក Zhu Min ដែលធ្លាប់កាន់តំណែងជានាយករង IMF ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ សេដ្ឋកិច្ចចិនអាចនឹងខាតបង់ប្រហែលជាង១៨៥ពាន់លានដុល្លារ នៅក្នុងខែមករា និងនៅក្នុងខែកុម្ភៈនេះ ដោយសារតែ Covid-19៕