(ប៉េកាំង)៖ ការសិក្សាលើហ្សែន ឬ DNA បានបង្ហាញថាវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺ COVID-19 មិនមែនមានប្រភពដើមចេញទីផ្សារលក់គ្រឿងសមុទ្រ និងសាច់ សត្វព្រៃ Huanan ស្ថិតនៅក្នុងទីក្រុង Wuhan នៃខេត្ត Hubei ប្រទេសចិននោះឡើយ។ នេះបើតាមក្រុមអ្នកវិទ្យាសាស្ត្រចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រុមអ្នកវិទ្យាសាស្ត្រ មក ពីបណ្ឌិតសភាវិទ្យាសាស្ត្រចិន ធ្វើការសន្និដ្ឋានបែបនេះ ដោយផ្អែកលើលទ្ធផលនៃការសិក្សា និងវិភាគអំពីហ្សែន ឬ DNA សហការជាមួយ ក្រុមអ្នកវិទ្យាសាស្ត្រមកពីតាមសាកលវិទ្យាល័យជាច្រើន នៅក្នុងប្រទេសចិន។ ក្រុមអ្នកវិទ្យាសាស្ត្រដដែល បានបញ្ជាក់ទៀតថា ការវិភាគរបស់ពួកគេ គឺធ្វើឡើងលើ ហ្សែននៃសំណាកវីរុសចំនួន៩៣ មកពីប្រទេស១២ នៅទូទាំងទ្វីបចំនួន៤ ជាមួយលទ្ធផលបង្ហាញថា វីរុសកូរ៉ូណាថ្មី បង្កជាជំងឺ COVID-19 ដែលគេរកឃើញនៅក្នុង ផ្សារលក់គ្រឿងសមុទ្រក្នុងទីក្រុង Wuhan គឺមានប្រភពមកពីកន្លែងដទៃ ហើយក្រោយមក ទើបវាបានរីករាលដាលយ៉ាងឆាប់រហ័សចេញពីផ្សារមួយនេះ។
ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រចិន ក៏មិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថា វាមានប្រភពមកពីណាឱ្យប្រាកដនោះដែរ ដោយគ្រាន់តែឱ្យដឹងថាការសន្និដ្ឋានបែបនេះ គឺធ្វើឡើងដោយផ្អែកលើពេលវេលាដែលអ្នកជំងឺធ្លាក់ខ្លួនឈឺ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិទ្យាសាស្ត្រចិន វីរុសកូរ៉ូណាថ្មី ទំនងជារីករាលដាលខ្លាំង នៅកំឡុងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ និងផ្ទុះឡើងខ្លាំងម្ដងទៀត នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ខណៈការឆ្លងពីមនុស្សទៅមនុស្ស អាចនឹងកើតឡើងរួចទៅហើយ នៅដើមខែធ្នូ ឬចុងខែវិច្ឆិកាកន្លងទៅ។ ម្យ៉ាងវិញទៀត បើសិនជា ការប្រកាសអាសន្នពីវីរុសនេះមានកម្រិតខ្ពស់ កាលពីដើមខែមករា ម្លេះគេប្រហែលជាអាចទប់ស្កាត់ការរីករាលដាលនៅទូទាំងសកលលោក ដែលផ្ទុះឡើងខ្លាំងកាលពីចុងខែមករា បានបាត់ ទៅហើយ៕