(សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង (KCDC) នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ១២៣ករណីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនដល់៥៥៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាម KCDC ចំនួនករណីឆ្លងថ្មីច្រើនជាងពាក់កណ្ដាល ត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងវិហារគ្រឹស្ដមួយកន្លែង ក្នុងទីក្រុង Daegu ស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេស ហើយតួលេខថ្មី៥៥៦នាក់ករណីខាងលើនេះ ធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាប្រទេសទីពីរ បន្ទាប់ពីចិនដែលមានករណីឆ្លងមេរោគ COVID-19 ច្រើនបំផុតនៅក្នុងប្រទេស។ លើសពីនេះទៅទៀត នៅថ្ងៃអាទិត្យដដែល អ្នកជំងឺ COVID-19 ម្នាក់មានអាយុ៥៧ឆ្នាំ បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ Daenam Hospital ក្នុងទីក្រុង Cheongdo ដោយធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៤នាក់ផងដែរ។
គួរបញ្ជាក់ថា តួលេខនៃការឆ្លងមេរោគ COVID-19 នៅប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសម្រាប់ករណីឆ្លងថ្មីៗ យ៉ាងគំហុកនេះ ភាគច្រើនគឺមានជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងក្រុង ឆុងទូ (Cheongdo) និងព្រះវិហារគ្រិស្តសាសនាមួយមានឈ្មោះថា ស៊ីនឈុនជី (Shincheonji) ស្ថិតក្នុងក្រុងដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលមានមនុស្សរស់នៅជាង ២.៥លាននាក់។ អភិបាលក្រុងនេះបានជំរុញឲ្យប្រជាជន កុំចេញក្រៅ ប្រសិនបើពុំចាំបាច់ ហើយនៅពេលនៅខាងក្រៅត្រូវពាក់ម៉ាសជាប់ជានិច្ច។
ការឆ្លងមេរោគ COVID-19 នៅក្នុងវិហារ ស៊ីនឈុនជី ចាប់ផ្តើមដំបូងពីស្រ្តីវ័យ៦១ឆ្នាំ ម្នាក់ ដែលបានបង្ហាញរោគសញ្ញាសង្ស័យកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក៏ប៉ុន្តែបានចូលរួមពិធីសាសនាក្នុងព្រះវិហារគ្រិស្តនោះយ៉ាងតិច ០៤លើកមុនពេលត្រូវ បានក្រុមជំនាញធ្វើរោគវិនិច្ឆ័យ រកឃើញមេរោគ COVID-19 នៅក្នុងខ្លួនរបស់គាត់៕