(វ៉ាស៊ីតោន)៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានខឹងសម្បារជាខ្លាំងចំពោះក្រុមទីប្រឹក្សាជាន់ខ្ពស់ របស់លោក ជុំវិញការសម្រេចចិត្តអនុញ្ញាតឲ្យពលរដ្ឋអាមេរិក១៤នាក់ ដែលជាអ្នកដំណើរលើនាវា ដាយមិនដ៍ ព្រីសេស (Daimond Princess) នៅប្រទេសជប៉ុន ឲ្យត្រលប់មកសហរដ្ឋអាមេរិកវិញ បន្ទាប់ពីពួកគេបានឆ្លងជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Washington Post នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមប្រភពដដែល ដំបូងឡើយ លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ប្រាប់ថា ពលរដ្ឋអាមេរិកដែលជាអ្នកដំណើរលើ នាវាទេសចរណ៍ ដាយមិនដ៍ ព្រីសេស (Daimond Princess) ដែលមានការឆ្លងរាលដាលនៃជំងឺ COVID-19 នឹងត្រូវជម្លៀសឲ្យវិល ត្រលប់ មកមាតុប្រទេសវិញ តាមរយៈយន្តហោះចំនួន០២គ្រឿង ប៉ុន្តែអ្នកដែលបានឆ្លងជំងឺ ឬមានរោគសញ្ញា នឹងត្រូវទុកឲ្យស្នាក់ នៅក្នុងប្រទេសជប៉ុនបន្តទៀត។
ទោះជាយ៉ាងណា ក្រសួងការបរទេសនិងមន្ត្រីសុខាភិបាលអាមេរិក បានសម្រេចចិត្តនាំយកប្រជាពលរដ្ឋអាមេរិកដែលឆ្លងជំងឺចំនួន ១៤នាក់ត្រលប់មកប្រទេសវិញ ដោយពុំបានរាយការណ៍ទៅប្រាប់ប្រធានាធិបតីឡើយ ព្រោះទម្រាំតែទទួលបានដំណឹងថា ពួកគេ ឆ្លងជំងឺ គឺអ្នកទាំងនោះបានឡើងលើយន្តហោះត្រៀមខ្លួនចាកចេញពីជប៉ុនទៅហើយ។ លោក ដូណាល់ ត្រាំ បានដឹងថា មានអ្នកឆ្លង COVID-19 ក្នុងចំណោមពលរដ្ឋអាមេរិកជាង៣០០នាក់ ដែលជម្លៀសពីកប៉ាល់ Diamond Princess គឺនៅពេលដែលពួកគេបានមកដល់សហរដ្ឋអាមេរិកវិញបាត់ទៅហើយ។
គួរជម្រាបថា គិតត្រឹមពេលនេះ ករណីអ្នកឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក មានចំនួនយ៉ាងហោច៣៥ករណី៕