(អាមេរិក)៖ អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក CDC លោក រីឆាដ ក្វាថារ៉ុន (Richard Quartarone) បានបញ្ជាក់ច្បាស់លាស់ថា អ្នកដំណើរទាំងអស់នៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) គឺត្រូវបានគេធ្វើតេស្តយ៉ាងល្អិតល្អន់រកមេរោគ COVID-19 ហើយលទ្ធផលពិតជាបានបង្ហាញថា «អវិជ្ជមាន» ដោយក្នុងនោះរួមមានទាំងស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំម្នាក់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានអាមេរិក US Today នារសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Richard Quartarone លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាក់រួចទៅហើយថា អ្នកដំណើរទាំងអស់ត្រូវបានធ្វើតេស្ត ហើយពួកគេគ្មានផ្ទុកវីរុសកូរ៉ូណា (COVID-19) នោះឡើយ រួមទាំងមនុស្សម្នាក់ (ស្ត្រីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ) ដែលត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន (នៅម៉ាឡេស៊ី) នោះផងដែរ។ ស្រ្តីជនជាតិអាមេរិកនៅម៉ាឡេស៊ីនោះ ប្រហែលអាចមានជំងឺផ្លូវដង្ហើមប្រសិនបើការពិតនោះ, វាមិនមែនជាមេរោគ COVID-19 នោះទេ»។
សារព័ត៌មានអាមេរិក US Today បានផ្សព្វផ្សាយបន្ថែមថា អ្នកដំណើរមួយចំនួននៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) បានបង្ហាញមន្ទិលសង្ស័យចំពោះការធ្វើតេស្តរកមើលមេរោគ COVID-19 របស់ម៉ាឡេស៊ី ដែលកន្លងមកបានអះអាងអំពីការរកឃើញមេរោគនេះ (វិជ្ជមាន) ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកម្នាក់ ដែលជាអ្នកដំណើរបានចាកចេញពីនាវា Westerdam ប៉ុន្តែមិនដល់មួយសប្តាហ៍ផង ស្រាប់ប្រកាសថា គាត់លែងមានផ្ទុក COVID-19 ទៀតហើយ (អវិជ្ជមាន)។ ជុំវិញរឿងរ៉ាវនេះ អ្នកដំណើរផ្សេងៗទៀតនៃនាវា Westerdam បានលើកថា «ការធ្វើតេស្តមិនច្បាស់ការរបស់ម៉ាឡេស៊ី បានបង្កផលប៉ះពាល់ដល់ពួកគេជាខ្លាំង»។
លោក ស្ទេវ មូតស៍ (Steve Muth) រស់នៅរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក ដែលជាអ្នកបានធ្វើដំណើរលើកប៉ាល់ Westerdam ជាមួយគ្រួសារលោក ក៏មានមន្ទិលសង្ស័យផ្ទាល់ខ្លួន ចំពោះការធ្វើតេស្តឃើញវិជ្ជមាននៃមេរោគ COVID-19 ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ ដោយអាជ្ញាធរម៉ាឡេស៊ីផងដែរ គឺមិនខុសពីការសង្ស័យរបស់កម្ពុជាទេ។ ក្នុងសារអ៊ីម៉ែលមួយផ្ញើទៅកាន់សារព័ត៌មាន USA Today លោក Muth បានរៀបរាប់យ៉ាងដូច្នេះថា «អ្នកដំណើរភាគច្រើនរួមទាំងរូបខ្ញុំដែរ មានការសង្ស័យជាខ្លាំង ចំពោះការធ្វើតេស្តពីរលើកដំបូងដែលបង្ហាញថា ស្រ្តីម្នាក់នោះមានផ្ទុកមេរោគ COVID-19»។
លោក Muth បានបន្តថា «ការធ្វើតេស្តមិនច្បាស់ការ ឬអាចនិយាយបានថា ការធ្វើតេស្តចេញលទ្ធផលខុសនេះ បានបង្កការប៉ះពាល់ជាខ្លាំង ដល់អ្នកដំណើរស្លូតត្រង់រាប់រយនាក់របស់កប៉ាល់ Westerdam ដែលរួមមានការត្រូវគេហាមមិនធ្វើដំណើរ តាមជើងយន្តហោះត្រឡប់ទៅផ្ទះវិញ និងការត្រូវប្រឈមនឹងភាពរើសអើងនានាជាដើម»។
រីឯអ្នកដំណើរអាមេរិកម្នាក់ទៀតឈ្មោះថា អ៊ែលលី ឈីបូវស្គី (Elly Chybowski) ដែលបានធ្វើដំណើរលើកប៉ាល់ Westerdam ជាមួយស្វាមីឈ្មោះ ធីម៉ូស៊ី (Timothy) បានប្រាប់ថា ពួកគេទាំងពីរដែលត្រូវធ្វើដំណើរចេញពីកម្ពុជាក្រោយចុះពីលើកប៉ាល់ ឆ្លងកាត់ទីក្រុងតូក្យូរបស់ជប៉ុន និងទីក្រុង ដាលឡាស់ (Dallas) នៃរដ្ឋតិចសាស់ ដើម្បីឆ្ពោះទៅផ្ទះនៅទីក្រុង ម៉ាឌីសុន (Madison) នៃរដ្ឋ វីស្កុនស៊ីន (Wisconsin) ស្រាប់ត្រូវគេលុបសំបុត្រចោលវិញ។ ប្តី-ប្រពន្ធទាំងពីរនាក់ក៏បានចំណាយថវិកាផ្ទាល់ខ្លួនរហូតដល់ជាង ៥,០០០ដុល្លារ ដើម្បីកក់ជើងហោះហើរថ្មី ហើយពួកគាត់ទាំងពីរនាក់ក៏បានមកដល់ផ្ទះវិញ កាលពីថ្ងៃពុធសប្តាហ៍នេះ។
ពេលមកដល់ផ្ទះហើយនោះ ពួកគាត់ត្រូវអាជ្ញាធរសុខាភិបាលប្រចាំមូលដ្ឋានទាក់ទងមកថា ពួកគាត់បានរួមតុអាហារជាមួយស្រ្តីអាមេរិកវ័យ៨៣ឆ្នាំ ដែលម៉ាឡេស៊ីធ្វើតេស្តរកឃើញ COVID-19 ជាហេតុតម្រូវឲ្យអ្នកទាំងពីរបង្ខាំងខ្លួនឯង នៅក្នុងផ្ទះយ៉ាងតិចមួយសប្តាហ៍ ដើម្បីកាត់បន្ថយលទ្ធភាពនៃការចម្លងមេរោគដល់អ្នកដទៃ ប្រសិនបើពួកគេបានឆ្លង COVID-19។ ប្រការនេះធ្វើឲ្យពួកគាត់មិនអាចទៅបំពេញការងារបានឡើយ ហើយត្រូវធ្វើឲ្យកូនៗគាត់រវល់ នាំយកម្ហូបអាហារមកឲ្យពួកគាត់រាល់ថ្ងៃ។
លោកស្រី Chybowski បានសង្កត់ធ្ងន់ទៀតថា «ការរំខាន ដល់ជីវិតអ្នកដំណើរជាច្រើនមកពីកប៉ាល់ Westerdam ជាពិសេសនោះ គឺដល់ផ្លូវអារម្មណ៍ពួកគេកំឡុងភាពមិនច្បាស់ការ មុនពេលពួកគេបានត្រឡប់មកដល់ផ្ទះវិញនោះ គឺពិតជាមិនអាចវាស់ស្ទង់បាននោះទេ»៕